Banner advertisement

ប្រមុខរដ្ឋស្តីទី​ចេញព្រះរាជក្រឹត្យលើកលែងទោសឱ្យទណ្ឌិតឈ្មោះ សម សេរី មេដឹកនាំរណសិរ្យរំដោះជាតិខ្មែរ

07-Apr-2025 2:34 PM

សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ ប្រមុខរដ្ឋស្តីទី​ នៃព្រះរាជាណាចក្រកម្ពុជា​ នៅថ្ងៃទី០៦​ ខែមេសា​ ឆ្នាំ២០២៥​ នេះ​ បានចេញព្រះរាជក្រឹត្យលើកលែងទោសឱ្យទណ្ឌិតឈ្មោះ សម សេរី ហៅ សុខ ស៊ុយ ហៅ យាន យៀប ហៅ សំភិន ហៅ ស ធម្មរង្សី ហៅ សាភិន ហៅ សម នីរ័ត្ន ហៅ ស សរី ភេទប្រុស កើតឆ្នាំ១៩៨០ ដែលត្រូវបានតុលាការសម្រេចផ្តន្ទាទោស លើសំណុំរឿងចំនួន ៦ករណី។


លោក សម សេរី ប្រធានរណសិរ្យរំដោះជាតិខ្មែរនិងរដ្ឋាភិបាលជាតិខ្មែរនិរទេស កាលពីថ្ងៃទី០៥​ ខែមេសា​ ឆ្នាំ២០២៥​ បានប្រកាសរំលាយចោលនូវរណសិរ្យរំដោះជាតិខ្មែរ និងរដ្ឋាភិបាលជាតិខ្មែរ និរទេស ចាប់ពីពេលនេះតទៅ។  


លោក សម សេរី ក៏បានផ្ញើលិខិតមួយជូនសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា លើកលែងទោស ដើម្បីបានវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ។


នៅលើបណ្តាញសង្គម លោក សម សេរី បានសរសេរថា ៖ “ខ្ញុំសូមជម្រាបជូនបងប្អូនជនរួមជាតិទាំងក្នុង និងក្រៅប្រទេស និងមិត្តបរទេសនានារួមទាំងអង្គការ អន្តរជាតិ មេត្តាជ្រាបថា ! ខ្ញុំបាទសូមប្រកាសរំលាយចោលនូវ រណសិរ្យរំដោះជាតិខ្មែរ និងរដ្ឋាភិបាលជាតិខ្មែរ និរទេស ចាប់ពីពេលនេះតទៅ”។
ក្នុងលិខិតផ្ញើជូនសម្តេចតេជោ ហ៊ុន សែន និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត លោក សម សេរី បានស្នើសុំសណ្តោសប្រណីលើកលែងទោសដល់រូបលោក ដើម្បីបានវិល ត្រឡប់មកកាន់ប្រទេសកម្ពុជា ហើយលោកក៏សូមប្រកាសរំលាយចោលនូវរណសិរ្ស រំដោះជាតិខ្មែរ និងរដ្ឋាភិបាលជាតិខ្មែរនិរទេស ដែលលោកដឹកនាំចាប់ពីថ្ងៃនេះតទៅ។


ក្នុងលិខិតបានបញ្ជាក់ទៀតថា៖ «សម្តេចតេជោ និង សម្តេចធិបតី ជាទីគោរពដ៏ខ្ពង់ខ្ពស់...!! ផ្អែកលើស្មារតីនៃការរួមសាមគ្គីគ្នាការពារនូវ “សន្តិភាព” និងការថែរក្សាការពារនូវ ផលប្រយោជន៍ដ៏ឧដុង្គឧត្តម និងសុភមង្គលរបស់ប្រជាជនកម្ពុជា។ ខ្ញុំបាទ សម សេរី សូមប្តេជ្ញារួបរួមសាមគ្គីគ្នាក្នុងនាមជាខ្មែរតែមួយ គោរពតាមច្បាប់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការថែរក្សាសន្តិភាព និងប្រជាធិបតេយ្យសេរីពហុបក្ស រួមគ្នាទប់ស្កាត់នូវការរំលោភច្បាប់នានា»។

អត្ថបទដែលទាក់ទង