Banner advertisement

ករណីគ្រឿងញៀនជាង​ ១០០គីឡូក្រាម​ ! តំណាងអយ្យការសម្រេចចោទប្រកាន់លើជនជាតិចិន​ និងមីយ៉ាន់ម៉ា ចំនួន​០៥នាក់

06-Apr-2025 8:56 AM

តំណាងអយ្យការបានសម្រេចចោទប្រកាន់លើជនជាតិចិន​ និងមីយ៉ាន់ម៉ា ចំនួន​០៥នាក់​ (ចិន​ ៣នាក់​ និងមីយ៉ាន់ម៉ា​ ២នាក់)​ និងបក្ខពួក ពីបទរក្សាទុក, ដឹកជញ្ជូន, ជួញដូរ និងសម្រួលឱ្យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន, កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត និងសម្អាតប្រាក់ ប្រព្រឹត្តនៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ និង ខេត្តព្រះសីហនុ កាលពីអំឡុងឆ្នាំ២០២៣ រហូតមកដល់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ តាមប្បញ្ញត្តិមាត្រា ៤០ មាត្រា ៤៤ មាត្រា ៤៨ និងមាត្រា ៥២ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និងមាត្រា ២០ នៃច្បាប់ស្តីពីការគ្រប់គ្រងអាវុធជាតិផ្ទុះ និងគ្រាប់រំសេវ និងមាត្រា ៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។


ជនសង្ស័យចំនួន ០៥ នាក់ មានដូចជា​ :​
១.ឈ្មោះ ហ័ង ជីហុង (HUANG ZEHONG) ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិចិន
២.ឈ្មោះ សាវ ជីវី (XIAO JIWEI) ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិចិន
៣.ឈ្មោះ ស័រ ណាង (ZAW NIANG) ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិមីយ៉ាន់ម៉ា
៤.ឈ្មោះ តាន់ សៀនទុន (THANT ZINTUN) ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិមីយ៉ាន់ម៉ា
៥.ឈ្មោះ យូ មីងយ៉ាង (YU MINGYANG) ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិចិន

សូមម្រាបថា​ កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ សមត្ថកិច្ចនៃមន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបង្ក្រាបករណីគ្រឿងញៀន ចំនួន ០៤ ទីតាំង ដោយទីតាំងទី១ ស្ថិតនៅចំណុចបញ្ហារបង់ប្រាក់ផ្លូវល្បឿនលឿន ភូមិតាភេម សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ទីតាំងទី២ ស្ថិតនៅចំណុចផ្លូវលំ ភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ទីតាំងទី៣ ស្ថិតនៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ និងទីតាំងទី៤ ស្ថិតនៅចំណុច ផ្ទះក្បែរក្បាលដីលេខ២៩៦៥ ផ្លូវលំ ភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ដកហូតវត្ថុតាងជាសារធាតុញៀនប្រភេទ អ៊ុចស្តាស៊ី (MDMA) ទម្ងន់ ២.១៧១,៥៥ ក្រាម ប្រភេទ មេតំហ្វេតាមីន (ICE) ទម្ងន់ ២១.៨៩២,៤៣ ក្រាម ប្រភេទ កេតាមីន (Ketamine) ទម្ងន់ ៧៧.៨៨១,៦៧ ក្រាម ប្រភេទ កាទីណូន ម្សៅ ទម្ងន់ ១២.២៣ ក្រាម រុក្ខជាតិក្រៀម ម្សៅ និងថ្នាំគ្រាប់មិនច្បាស់លាស់ ទម្ងន់ ១.៩៥៧,៩៦ ក្រាម និងអាវុធចំនួន ០២ ដើម ព្រមទាំងភស្តុតាងមួយចំនួនដែលសង្ស័យជាប់ពាក់ព័ន្ធនឹងការសម្អាតប្រាក់។ ក្រោយបញ្ចប់ប្រតិបត្តិការនេះ សមត្ថកិច្ច បានកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យខាងលើ មកកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ ចំណែកឯ បក្ខពួកដែលពាក់ព័ន្ធនឹងករណីគ្រឿងញៀនខាងលើនេះសមត្ថកិច្ចបាននឹងកំពុងស្រាវជ្រាវបន្ត។

អត្ថបទដែលទាក់ទង