ទោះបីក្លិបអធិរាជស Real Madrid បានយកឈ្នះ Atletico Madrid ដើម្បីឡើងទៅកាន់វគ្គ 8 ក្រុមចុងក្រោយនៃបាន Champions League ក៏ពិតមែន ប៉ុន្តែខ្សែប្រយុទ្ធ Vinicius Junior ត្រូវបានអ្នកគាំទ្រឌឺដងស្តីបន្ទោសជាខ្លាំង ដោយសារតែទាត់បាល់ប៉េណាល់ទីមិនចូល។
Real Madrid មានឱកាសក្នុងការទម្លាក់ក្រុមម្ចាស់ផ្ទះតាំងពីតង់ទីពីរមកម្ល៉េះ នៅពេលអាជ្ញាកណ្តាលបានប្រគល់បាល់ពិន័យ 11 ម៉ែត្រទៅកាន់ Real Madrid ប៉ុន្តែខ្សែប្រយុទ្ធប្រេស៊ីលបែរជាទាត់មិនចូល ដោយស៊ុតមួយទំហឹងជើងរហូតបាល់ហោះចេញទៅកាន់តំបន់អ្នកគាំទ្រទៅវិញ។
ការទាត់មិនចូលម្តងនេះ មិនត្រឹមតែធ្វើអោយអ្នកគាំទ្រក្លិបផ្សេងសើចចំអកនោះទេ ប៉ុន្តែក្នុងចំណោមនោះ ក៏មានអ្នកគាំទ្រ Real Madrid មួយចំនួនតូចផងដែរ ដែលមិនពេញចិត្តចំពោះការលេងមិនបានល្អបែបនេះ ដោយអ្នកខ្លះថែមទាំងហ៊ាននិយាយយ៉ាងអាក្រក់ថា ដោយសារតែបែបនេះហើយ ទើប Vinicius គ្មានសមត្ថភាពឈ្នះពាន Ballon d'Or កាលពីឆ្នាំមុន ខណះអ្នកខ្លះទៀត បានស្តីបន្ទោសថា Vinicius គួរតែប្រគល់បាល់នេះអោយទៅកាន់ Kylian Mbappe ជំនួសវិញ៕