អ្នកណាក៏ដឹង ថា Lionel Messi គឺជាខ្សែប្រយុទ្ធមួយរូប ដែលគ្រប់ក្លិបតែងតែប្រាថ្នាចង់បាន ដោយសារតែសមត្ថភាព និងទេពកោសល្យដ៏វៃឆ្លាតនៅក្នុងទីលានរបស់គេ ប៉ុន្តែកីឡាករអាហ្សង់ទីនរូបនេះ ទំនងជាមានបណ្តាសាអ្វីមួយ ជាមួយក្លិបសេដ្ឋីបារាំង Paris Saint-Germain ទៅវិញ។
PSG គឺជាក្រុមខ្លាំងនៅអឺរ៉ុបមួយដែលមិនទាន់ស្គាល់រសជាតិលើកពាន UEFA Champions League សូម្បីតែម្តង ដោយធ្លាប់ឡើងដល់វគ្គផ្តាច់ព្រ័ត្រម្តងកាលពីឆ្នាំ 2020 ប៉ុន្តែបែរជាត្រូវបានក្រុម Bayern Munich បង្អាក់ដំណើរទៅវិញ។ រំលងបានមួយឆ្នាំ ក្រុមខ្លាំងនៅលីគកំពូលបារាំងមួយនេះ បានបន្តឡើងមកដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ហើយក្លិបក៏បានរិះរកគ្រប់វិធីដើម្បីបំបែកកំណត់ត្រាអោយបាន។ ជាលទ្ធផល នៅឆ្នាំ 2022 PSG បាននាំយក Lionel Messi ពីក្លិប FC Barcelona ដោយគ្មានតម្លៃខ្លួន ព្រោះស្ថានភាពហិរញ្ញវត្ថុដ៏លំបាករបស់ Barcelona។ ដំណឹងនៃការមកដល់របស់ Messi បាននាំអោយអ្នកគាំទ្រជាច្រើនជឿថា ប្រធានក្រុមជម្រើសជាតិអាហ្សង់ទីនរូបនេះ ប្រាកដជាអាចជួយអោយ PSG លើកពាន UCL បាន រួមជាមួយមិត្តរួមក្រុមកំពូលៗដូចជា Neymar និង Kylian Mbappe។
យ៉ាងណាក្តី អ្វីៗមិនបានដើរដូចការគិតនោះឡើយ ដោយក្នុងកំឡុងពេលពីរឆ្នាំដែល Messi លេងអោយ PSG ក្រុមមួយនេះតែងតែធ្លាក់ត្រឹមវគ្គ 16 ក្រុមចុងក្រោយទាំងពីរលើកយ៉ាងអាម៉ាស់។ នៅពេល Lionel Messi បានចាកចេញទៅកាន់ Inter Miami វាសនារបស់ PSG នៅក្នុងការប្រកួតលំដាប់កំពូលរបស់អឺរ៉ុបបែរជាឡើងខ្ពស់ត្រដែតទៅវិញ ដោយបានជាប់ជាក្រុមឡើងមកវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររដូវកាលមុន ហើយនៅក្នុងរដូវកាល 2024-2025 នេះ PSG បានទម្លាក់ក្រុមកំពុងឡើងជើងមួយទំហឹងមនុស្សចាស់ ពោលគឺហង្សក្រហម Liverpool ត្រឹមវគ្គ 16 ក្រុមចុងក្រោយ ទាំងដែល Liverpool មានឈ្មោះជាក្រុមកំពូលតារាងក្នុងការប្រកួតវគ្គចែកពូលក៏ដោយ៕