ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បើកសិក្ខាសាលាផ្សព្វ ផ្សាយពី«បច្ចុប្បន្នភាព និងទស្សនវិស័យ សេដ្ឋកិច្ច និងសង្គមកម្ពុជា ឆ្នាំ២០២៤-២០២៥»

26-Jul-2024 11:20 PM

(ភ្នំពេញ)៖ ឯកឧត្តម ហួត ស៊ីនាដ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែកក្កដា ឆ្នាំ២០២៤នេះ បានអញ្ជើញបើកសិក្ខាសាលាផ្សព្វផ្សាយពី «បច្ចុប្បន្នភាព និងទស្សនវិស័យ សេដ្ឋកិច្ច និងសង្គមកម្ពុជា ឆ្នាំ២០២៤-២០២៥» ដែលរៀបចំឡើងនៅទីស្តីការក្រសួង ដោយមានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃរាជរដ្ឋាភិបាល អង្គការអន្តរជាតិខាងការងារ(ILO) តំណាងភាគីអង្គការវិជ្ជាជីវៈរបស់កម្មករនិយោជិត និងតំណាងភាគីអង្គការវិជ្ជាជីវៈរបស់និយោជក។


ថ្លែងក្នុងពិធីបើក ឯកឧត្តមរដ្ឋលេខាធិការ បានបង្ហាញថាសិក្ខាសាលានេះ មានគោលបំណងក្នុងការលើកកម្ពស់ការយល់ដឹងរបស់សមាជិក សមាជិកា របស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា តាមរយៈការធ្វើបច្ចុប្បន្នភាពសេដ្ឋកិច្ច និងសង្គមកម្ពុជា ឆ្នាំ២០២៤ និងទស្សនវិស័យសេដ្ឋកិច្ច និងសង្គមកម្ពុជា ឆ្នាំ២០២៥ ព្រមទាំងធ្វើបច្ចុប្បន្នភាពនៃការវិវឌ្ឍនៃប្រាក់ឈ្នួលអប្បបរមាក្នុងតំបន់ និងសកល។ ចំណេះដឹង និងព័ត៌មានទាំងនេះគឺមានសារៈសំខាន់ណាស់ ដើម្បីផ្តល់ជាព័ត៌មាន និងទិន្នន័យមូលដ្ឋានសំខាន់ៗមួយចំនួន សម្រាប់ត្រៀមការចរចាប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៥ ក៏ដូចជាការចូលរួមក្នុងការពង្រឹងយន្តការត្រីភាគីនៃការចរចារប្រាក់ឈ្នួលអប្បបរមានៅកម្ពុជា និងធានាឱ្យបាននូវសុខដុមរមនានៃទំនាក់ទំនងវិជ្ជាជីវៈ។

ឯកឧត្តមរដ្ឋលេខាធិការ ក៏បានរំលឹកអង្គសិក្ខាសាលាថា សិក្ខាសាលាដែលបានរៀបចំឡើងនាពេលនេះ បានបង្ហាញយ៉ាងច្បាស់នូវកិច្ចខិតខំប្រឹងប្រែង និងឆន្ទៈរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ សំដៅលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់បងប្អូនកម្មករនិយោជិត, លើកកម្ពស់ភាពទាក់ទាញ និងភាពអំណោយផលនៃបរិយាកាសសម្រាប់សកម្មភាពធុរកិច្ច, ពាណិជ្ជកម្ម និងការវិនិយោគនៅកម្ពុជា និងសំដៅឆ្លើយតបទៅនឹងនិន្នាការនៃការផ្លាស់ប្តូរក្នុងនិម្មាបនកម្មសេដ្ឋកិច្ច និងទីផ្សារការងារនាពេលបច្ចុប្បន្ន និងអនាគត។

ឯកឧត្តម បានរំលេចផងដែរពីប្រវត្តិនៃការពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមានៅប្រទេសកម្ពុជា បើគិតចាប់ពីឆ្នាំ១៩៩៧ ដល់ឆ្នាំ២០២៤ រាជរដ្ឋាភិបាលបានដំឡើងប្រាក់ឈ្នួលអប្បបរមាដល់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូបបានចំនួន ២០លើក ដោយកើនពី ៤០ដុល្លារអាម៉េរិកសម្រាប់ឆ្នាំ១៩៩៧ ដល់ ២០៤ដុល្លារអាម៉េរិកសម្រាប់ឆ្នាំ២០២៤នេះ ហើយបើបូកបន្ថែមអត្ថប្រយោជន៍ជាកាតព្វកិច្ចផ្សេងទៀត ប្រាក់ឈ្នួលរបស់កម្មករនិយោជិតទទួលបានតិចបំផុតចន្លោះពី២២១ ដល់ ២៣២ដុល្លារអាម៉េរិកក្នុងមួយខែ។

ក្រៅពីការដំឡើងប្រាក់ឈ្នួលអប្បបរមា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាបានដាក់ចេញនូវកម្មវិធីនយោបាយអាទិភាពចំនួន៦ ដែលបានចាប់ផ្តើមអនុវត្តភ្លាមចាប់ពីឆ្នាំ២០២៣កន្លងមក ដែលក្នុងចំណោមនោះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចូលរួមអនុវត្តនូវកម្មវិធីអាទិភាពចំនួនពីរគឺ ទី១. ការដាក់ឱ្យអនុវត្ត«របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត សម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. និងទី២. ការដាក់ឱ្យអនុវត្តជាផ្លូវការ «កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ» ដោយមិនបង់ថ្លៃ និងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែ តាមអភិក្រម “រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារ” លើវិស័យចំនួន១០ និងជំនាញអាទិភាពចំនួន ៣៨មុខជំនាញ។

គួររំលឹកថា សិក្ខាសាលាផ្សព្វផ្សាយពី «បច្ចុប្បន្នភាព និងទស្សនវិស័យ សេដ្ឋកិច្ច និងសង្គមកម្ពុជា ឆ្នាំ២០២៤-២០២៥»

អត្ថបទដែលទាក់ទង