រាជរដ្ឋាភិបាលចេញអនុក្រឹត្យស្តីពីការកែសម្រួលមហាវិទ្យាល័យបញ្ជាការសេនាធិការ ទៅជាវិទ្យាស្ថានបញ្ជាការសេនាធិការ

29-Jun-2024 2:14 PM

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចេញអនុក្រឹត្យស្តីពីការកែសម្រួលមហាវិទ្យាល័យបញ្ជាការសេនាធិការ ទៅជាវិទ្យាស្ថានបញ្ជាការសេនាធិការ ចំណុះអគ្គបញ្ជាការដ្ឋាន។ អនុក្រឹត្យនេះ ចុះថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ ដែលទើបផ្សព្វផ្សាយនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤។


អនុក្រឹត្យបានបញ្ជាក់ថា វិទ្យាស្ថានបញ្ជាការសេនាធិការ មានតួនាទីធ្វើការងារបណ្តុះបណ្តាល និងបំប៉ននាយទាហាន សេនាធិការ នៃកងយោធពលខេមរភូមិន្ទ និងមានភារកិច្ចដូចខាងក្រោម៖

- សិក្សាស្រាវជ្រាវ ចងក្រងឯកសារ ជំនាញពាក់ព័ន្ធនឹងការហ្វឹកហ្វឺន បណ្តុះបណ្តាលនាយទាហាន ស្របតាមតួនាទីភារកិច្ច ការងារសេនាធិការ នៃកងយោធពលខេមរភូមិន្ទ។

- កសាង និងពង្រឹងហេដ្ឋារចនាសម្ពន្ធ និងសម្ភារៈគ្រឿងបំពាក់ បម្រើការងារគ្រប់វិស័យរបស់ វិទ្យាស្ថាន។

- សហការជាមួយក្រសួង ស្ថាប័ន និងកងឯកភាពពាក់ព័ន្ធ ក្នុងការរៀបចំសាស្ត្រាចារ្យ យោធាចារ្យ សម្រាប់មុខវិជ្ជាជំនាញ នៃវគ្គបណ្តុះបណ្តាល និងវគ្គបំប៉ន តាមសេចក្តីត្រូវការចាំបាច់ នៃកម្មវិធី សិក្សារបស់វិទ្យាស្ថាន។

- អនុវត្តភារកិច្ចផ្សេងៗទៀត ដែលថ្នាក់លើប្រគល់ឱ្យ។

វិទ្យាស្ថានបញ្ជាការសេនាធិការ អគ្គបញ្ជាការដ្ឋានដឹកនាំដោយនាយក ០១ (មួយ)រូប និងអមដោយ នាយករងមួយចំនួនជាជំនួយការ តាមការចាំបាច់។

តួនាទី ភារកិច្ច រចនាសម្ពន្ធ និងក្របខ័ណ្ឌចាត់តាំងលម្អិត របស់វិទ្យាស្ថានបញ្ជាការសេនាធិការ អាស្រ័យដោយក្រសួងការពារជាតិកំណត់។

អត្ថបទដែលទាក់ទង