អ្នកគាំទ្របស់ក្រុមបិសាចក្រហម Manchester United មួយចំនួន បានបញ្ចេញនូវភាពរីករាយត្រេកត្រអរជាខ្លាំង នៅពេលបែកធ្លាយដំណឹងថា អ្នកចាំទី Andre Onana អាចនឹងមិនបានលេង។
មុនការប្រកួតទល់និង Leicester City ប្រភពមួយចំនួនបានចេញផ្សាយថា Onana បានជួបប្រទះបញ្ហាសុខភាពមួយចំនួនដែលអាចនិងធ្វើអោយរូបគេនៅអង្គុយកៅអីបម្រុង ហើយអ្នកចាំទីយុវជន Dermot Mee អាចនឹងបង្ហាញខ្លួនជាលើកដំបូងអោយឈុតធំរបស់ Man United។
អ្វីដែលនឹកស្មានមិនដល់នោះគឺ Onana បានលេងពេញមួយប្រកួត ហើយក៏ក្លាយជាចំណែកដ៏សំខាន់ដែលបានជួយអោយក្រុមលោក Ruben Amorim យកឈ្នះ Leicester City 3 គ្រាប់ដោយគ្មានការតដៃមកវិញសូម្បីតែមួយគ្រាប់។ បើមើលតាមជាក់ស្តែង វាមិនមែនជារឿងចម្លែកដែលអ្នកគាំទ្រមួយចំនួនមានភាពរីករាយពេលមិនបានឃើញមុខ Onana ដោយសារតែអ្នកចាំទីកាមេរូនរូបនេះបានលេងគ្រប់ការប្រកួតនៅលីគកំពូលអង់គ្លេស Premier League ហើយរបូតដល់ទៅ 40 គ្រាប់ ធ្វើអោយបិសាចក្រហមកំពុងឈរនៅចំណាត់ថ្នាក់ 13 តាមពីក្រោយក្រុមដូចជា Crystal Palace និង Brentford នៅពាក់កណ្តាលតារាង៕