ខ្សែបម្រើ Luka Modric បានចេញមកនិយាយអំពីគម្រោងការចូលនិវត្តន៍ដ៏ល្អបំផុតរបស់ខ្លួន ខណះដែលរូបគេកំពុងតែស្ថិតក្នុងការចរចារជាមួយ Real Madrid សម្រាប់កុងត្រាថ្មីមួយ។
កីឡាករវ័យ 39 ឆ្នាំបានចារឈ្មោះរបស់ខ្លួនក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ Real Madrid រួចទៅហើយ ក្នុងនាមជាកីឡាករចាស់បំផុតដែលអាចស៊ុតបញ្ចូលទី និងបង្ហាញខ្លួននៅរដូវកាលនេះ ប៉ុន្តែ Modric នៅតែចង់បន្តជ្រោមជ្រែងអោយក្លិបគាត់មានភាពជោគជ័យទៀត ដោយការលេងនៅរដូវកាល 2025-2026 បន្ថែម។
ក្រៅពីគម្រោងក្នុងការដើរតួជាប្រធានក្រុមជម្រើសជាតិក្រូអាតនៅព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ 2026 Modric ក៏ត្រូវបានគេជឿថានិងបន្តកុងត្រារយះពេលខ្លីមួយឆ្នាំទៀតជាមួយ Real Madrid ខណះដែលប្រភពជាច្រើនបានអោយដឹងថា ក្លិបផ្សេងៗនៅអារ៉ាប៊ីសាអូឌីត និងលីគកំពូលអាមេរិក ក៏នៅតែបន្តដាក់ឈ្មោះ Modric ជាគោលដៅកំពូលដដែល។ នៅក្នុងកិច្ចសម្ភាសន៍មួយ Luka Modric បានទម្លាយអោយដឹងថា ពេលនេះគាត់មិនទាន់គិតរឿងចូលនិវត្តន៍នោះទេ ប៉ុន្តែគេតែងតែរំលឹកជារឿយៗថា ការបញ្ចប់អាជីពនៅ Real Madrid គឺជាក្តីស្រម៉ៃរបស់គេផ្ទាល់តែម្តង៕