ខ្សែប្រយុទ្ធកម្ពស់ខ្ពស់ Peter Crouch បានដកការអបអរគ្រាប់បាល់ដ៏ល្បីល្បាញរបស់ខ្លួនយកមកប្រើម្តងទៀត ទោះបីជាបានចូលនិវត្តន៍អស់រយះពេលជាយូរហើយក៏ដោយ។
កីឡាករដែលបានសម្រេចបញ្ចប់អាជីពកាលពីឆ្នាំ 2019 បានឈានចូលទីលានម្តងទៀត ដោយបានស៊ុតចូលគ្រាប់បាល់ទាំងពីរដែលជួយអោយកីឡាករជើងចាស់ Liverpool យកឈ្នះក្រុមកីឡាករជើងចាស់របស់តោខៀវ Chelsea នៅក្នុងកីឡដ្ឋាន Anfield។
គ្រាន់តែស៊ុតបានមួយគ្រាប់បើកឆាកភ្លាម Crouch បានរត់ទៅមុខអ្នកគាំទ្រដែលទស្សនាផ្ទាល់ ហើយបានអបអរគ្រាប់បាល់ដូចមនុស្សយន្ត ធ្វើអោយគ្រប់គ្នាមានការអបអរសាទរជាខ្លាំង ព្រោះនេះអាចចាត់ទុកជាការអបអរគ្រាប់បាល់ប្រចាំត្រកូលរបស់គាត់ទៅហើយ។ និយាយក្រោយចប់ការប្រកួត Peter Crouch បានអោយដឹងថា "ខ្ញុំមិនចង់អបអរបែបនេះឡើយ ប៉ុន្តែមានក្មេងៗជាច្រើនបានសុំអោយខ្ញុំនាំយកមកវិញនូវស្ទាយអបអរគ្រាប់បាល់ដូចមនុស្សយន្តដែលខ្ញុំធ្លាប់ប្រើកាលពីនៅជាកីឡាករ។ ដូចនេះ គ្រាប់បាល់ដែលខ្ញុំស៊ុតចូលទាំងឡាយ គឺផ្តល់ជាពិសេសចំពោះអ្នកគាំទ្រក្មេងៗរបស់ Liverpool ក៏ដូចជាខ្ញុំផ្ទាល់"៕