Banner advertisement

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃណែនាំឲ្យសមត្ថកិច្ចចាប់ខ្លួនក្មេងទំនើងដែលបង្កការរំខានដល់ជីវភាពរស់នៅប្រចាំរបស់ប្រជាពលរដ្ឋ

01-Apr-2025 12:36 PM

ភ្នំពេញៈ ឯកឧត្តមអភិសន្តិ ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានណែនាំទៅកាន់អគ្គស្នងការដ្ឋាននគរបាលជាតិ និងស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ដឹកនាំបញ្ជាទៅកាន់អធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ ប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ សហការធ្វើសកម្មភាពឱ្យបានកាន់តែសកម្មជាមួយអាជ្ញាធរមូលដ្ឋានដើម្បីចាប់ខ្លួនក្មេងទំនើងដែលប្រព្រឹត្តសកម្មភាពបង្កការរំខានដល់ជីវភាពរស់នៅប្រចាំរបស់ប្រជាពលរដ្ឋព្រមទាំងបញ្ជូនក្រុមក្មេងទំនើងទាំងនោះទៅកាន់ស្ថាប័នតុលាការដើម្បីចាត់វិធានការច្បាប់។ នេះបើតាមការបញ្ជាក់របស់លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។


បើតាមលោក ទូច សុឃៈ  ប្រសិនបើក្រុមក្មេងទំនើងទាំងអស់នោះបន្តធ្វើសកម្មភាពអុកឡុក រំខានដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ពួកគេនឹងប្រឈមនឹងការឃុំខ្លួន ដែលមានន័យថាត្រូវឋិតនៅក្នុងពន្ធនាគារ នាឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិ។ ផ្ទុយទៅវិញប្រសិនបើពួកគេមានការប្រែឥរិយាបទប្រព្រឹត្តត្រឹមត្រូវនៅក្នុងសង្គមពួកគេក៏ដូចជាយុវជនផ្សេងទៀត ទទួលបានឱកាសសប្បាយរីករាយក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលនឹងមានព្រឹត្តិការណ៍សប្បាយគ្រប់មូលដ្ឋានទូទាំងប្រទេស។

សូមបញ្ជាក់ថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសដាក់ចេញវិធានការម៉ឺងម៉ាត់បង្ក្រាបក្មេងទំនើងដោយគ្មានការលើកលែងឡើយ និងមិនទុកឱ្យពួកគេធ្វើសកម្មភាពអុកឡុករំខានដល់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ ក្នុងនាមជាសេនាធិការ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃក៏បានដាក់ចេញគោលការណ៍ដឹកនាំ តម្រង់ទិសជាប្រចាំ ឱ្យកងកម្លាំងទាំងអស់អនុវត្តបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្ដេចធិបតី បន្តបង្ក្រាបក្រុមក្មេងទំនើងដោយមិនដកដៃ។ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិប្រព្រឹត្តិទៅនៅថ្ងៃទី១៤ រហូតដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥។ ជារៀងរាល់ឆ្នាំអាជ្ញាធរមានសមត្ថកិច្ចតែងតែត្រៀមកម្លាំងបង្ក្រាបក្រុមក្មេងទំនើង ដែលអុកឡុករំខានគេឯង៕

អត្ថបទដែលទាក់ទង