Banner advertisement

ឯកឧត្ដម នេត្រ ភក្ត្រា មានប្រសាសន៍ថា យុវជនងាយនឹងទទួលឥទ្ធពលពីព័ត៌មានក្លែងក្លាយខ្លាំងបំផុត

01-Apr-2025 12:19 PM

ឯកឧត្ដម នេត្រ ភក្ត្រា ៖ យុជនគឺជាក្រុមមនុស្សដែលងាយនឹងទទួលឥទ្ធិពលពីព័ត៌មានក្លែងក្លាយ


ភ្នំពេញ ៖ ព័ត៌មានក្លែងក្លាយបានក្លាយជាបញ្ហាប្រឈមមួយនៅលើបណ្ដាញសង្គម ដែលវាបង្ហាញពីសកម្មភាព ញុះញង់ លាបពណ៌មិនល្អដល់សង្គម ក្នុងចេតនាទាញយកផលប្រយោជន៍ផ្ទាល់ខ្លួន ដូចជាផ្នែកអាជីវកម្ម និងនយោបាយ ជាដើម ។ ហើយស្របពេលដែលប្រព័ន្ធផ្សព្វផ្សាយទំនើប (ឌីជីថល) កាន់តែរីកចម្រើនទៀតនោះ យុជនគឺជាក្រុមមនុស្ស ដែលងាយនឹងទទួលឥទ្ធិពលពីព័ត៌មានក្លែងក្លាយទាំងនោះបំផុត ។ នេះជាការបញ្ជាក់របស់ឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅក្នុងសន្និសីទសារព័ត៌មានស្ដីពីការអនុវត្តយុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ!» ដែលបានរៀបចំឡើង នៅទីស្ដីការក្រសួងព័ត៌មាន នារសៀល ថ្ងៃទី៣១ ខែមីនា ឆ្នាំ ២០២៥ ។


ឯកឧត្ដមរដ្ឋមន្ត្រីបានបន្តថា ក្រសួងព័ត៌មាន នឹងអនុវត្តយុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ!» ដែលចាប់ផ្ដើមបើកជាផ្លូវការណ៍នៅថ្ងៃទី ០១ ខែមេសា ឆ្នាំ ២០២៥ ក្នុងគោលបំណងផ្លាស់ប្តូរឥរិយាបទរបស់ប្រជាជន ដែលជាអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម និងប្រព័ន្ធផ្សព្វផ្សាយទំនើប ដើម្បីទប់ស្កាត់ការរីកសាយភាយនូវព័ត៌មានក្លែងក្លាយក្នុងសង្គមកម្ពុជា ។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបង្ហាញថា អ្នកសារព័ត៌មាន និងអ្នកបង្កើតមាតិការ គឺជាកម្លាំងចលករដ៏សំខាន់មួយ ក្នុងការបង្ក្រាបព័ត៌មានក្លែងក្លាយ ហើយតាមរយៈយុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ!» យុវជន ក៏ដូចជាអ្នកប្រើប្រាស់បណ្ដាញសង្គមទូទៅ នឹងទទួលបានចំណេះដឹងដែលជាមូលដ្ឋានគ្រឹះដើម្បីអាចផ្ទៀងផ្ទាត់បែងចែករវាងព័ត៌មានពិត និងក្លែងក្លាយ ៕

អត្ថបទដែលទាក់ទង