អ្នកចាំទី Gianluigi Donnarumma បានបើកចំហរក្នុងការក្បត់ក្លិបចាស់របស់ខ្លួនពោលគឺ AC Milan ដោយការផ្ទេរទៅ Inter Milan ចំពេលដែលកុងត្រារបស់គាត់ជាមួយក្លិប Paris Saint-Germain នៅសល់ពេលត្រឹមតែ 18 ខែ។
អ្នកចាំទីអ៊ីតាលីរូបនេះបានចាកចេញពី AC Milan កាលពីឆ្នាំ 2021 បន្ទាប់ពីកុងត្រាចាស់ជាមួយក្លិបកុមារភាពរបស់គេអស់សុពលភាព។ ប្រភពនៅបារាំងបានទម្លាយថា PSG កំពុងតែពិចារណាទៅលើការផ្ទេរសម្រាប់អ្នកចាំទី Lucas Chevalier របស់ក្រុម Lille ទាំងដែលកំពុងបើកការចរចាជាមួយអ្នកតំណាងរបស់ Donnarumma នៅឡើយ។
ប្រភពមួយផ្សេងនៅអ៊ីតាលីក៏បានបន្ថែមទៀតផងដែរថា អ្នកចាំទីរូបនេះមិនមានការជំទាស់ក្នុងការផ្លាស់ទៅ Inter Milan នោះឡើយ ដើម្បីជួបជុំជាមួយគ្រូបង្វឹកចាស់លោក Gianluca Spinelli ដែលជាអ្នកនាំអោយគាត់ក្លាយជាអ្នកចាំទីរបស់ AC Milan កាលនៅវ័យត្រឹម 16 ឆ្នាំ៕