Banner advertisement

សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់អំពីដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្តម ស៊ី ជីងពីង ប្រធានាធិបតីចិននៅកម្ពុជា

06-Apr-2025 8:49 AM

ភ្នំពេញៈ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា ការសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលទំនើបកម្មមូលដ្ឋានសមុទ្ររាម និងមជ្ឈមណ្ឌលភស្តុភារ និងហ្វឹកហ្វឺនរួមគ្នាកម្ពុជា ចិន-ផែរាម នាពេលនេះដែលជាសមិទ្ធផលប្រវត្តិសាស្ត្រថ្មីមួយទៀតក្រោមកិច្ចសហប្រតិបត្តិការជាដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន ដោយឈរលើគោលការណ៍គោរពអធិបតេយ្យភាព និងផលប្រយោជន៍ទៅវិញទៅមក ស្មើភាពនិងស្មើសិទ្ធិនិងមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង។ 


សម្តេចធិបតីបានមានប្រសាសន៍បញ្ជាក់ថា ៖ “ពិធីសម្ពោធថ្ងៃនេះ គឺយើងធ្វើនៅក្នុងពេលប្រហែលជាពីរសប្តាហ៍ទៀតមុននឹងថ្នាក់ដឹកនាំជាន់ខ្ពស់របស់ចិន ឯកឧត្តមប្រធានាធិបតី ស៊ី ជីងពីង នឹងមកទស្សនកិច្ចផ្លូវការនៅកម្ពុជា។ នៅក្នុងគម្រោងទស្សនកិច្ចផ្លូវការបីប្រទេស ម៉ាឡេស៊ី វៀតណាម និងកម្ពុជា ដែលបង្ហាញអំពីភាពរឹងមាំនៃមិត្តភាពរបស់កម្ពុជាចិន”។


សម្តេចធិបតីបានបន្តថា នៅក្នុងមួយរយៈនេះ គឺឃើញមានការអត្ថាធិប្បាយផ្សេងៗ កាសែតផ្សេងៗអំពីទំនាក់ទំនងកម្ពុជា ចិន ដែលគេបានអត្ថាធិប្បាយថា ទំនាក់ទំនងកម្ពុជា រដ្ឋាភិបាល ជាពិសេសរដ្ឋាភិបាលថ្មីរបស់កម្ពុជាជាមួយនិងរដ្ឋាភិបាលចិន គឺមានការធ្លាក់ចុះជាគំហុក។ សម្តេចសូមមិនបកស្រាយទេ អ្វីដែលសំខាន់សកម្មភាពជាក់ស្តែង ការសម្ពោធនិងការហ្វឹកហ្វឺនរួមគ្នា ក៏ដូចជាទស្សនកិច្ចផ្លូវការរបស់ប្រមុខកំពូលរដ្ឋាភិបាលចិន គឺបានបញ្ជាក់សព្វគ្រប់ទៅហើយ បើអ្នកមិនយល់ទៀតមិនដឹងថាពន្យល់យ៉ាងម៉េចទេ?។

អត្ថបទដែលទាក់ទង