Banner advertisement

ឯកឧត្តម ស៊ី ជីងពីង នឹងអញ្ជើញមកបំពេញទស្សនៈកិច្ចផ្លូវរដ្ឋនៅកម្ពុជាពីថ្ងៃទី១៧-១៨ ខែមេសា

09-Apr-2025 10:51 AM

ភ្នំពេញ៖ ឯកឧត្តម XI JINPING  ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញបំពេញទស្សនៈកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជារយៈពេល ២ថ្ងៃ គឺចាប់ពីថ្ងៃទី១៧-១៨ ខែមេសា ឆ្នាំ២០២៥ ខាងមុខនេះ។ 


ឯកឧត្តម XI JINPING  នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញមកដល់កម្ពុជានាព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥។


ឯកឧត្តម XI JINPING  នឹងមានព្រះរាជសវនាការជាមួយព្រះមហាក្សត្រ នៅក្នុងព្រះបរមរាជវាំង។ ជួបសម្តែងការគួរសមជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅវិមាន ៧ មករា ។ ប្រជុំទ្វេភាគីជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព។ បន្ទាប់ពីប្រជុំទ្វេភាគីចប់ នឹងមានពិធីចុះហត្ថលេខា។


ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានដឹកនាំកិច្ចប្រជុំជាមួយកងកម្លាំង មន្ទីរពាក់ព័ន្ធ និងអាជ្ញាធរខណ្ឌទាំង១៤ នៅសាលារាជធានីភ្នំពេញ នារសៀលថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៥ ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាព របៀបរៀបរយឱ្យបានខ្ពស់បំផុត ជូនគណៈប្រតិភូជាន់ខ្ពស់នៃសាធារណរដ្ឋប្រជាមានិតចិននៅកម្ពុជា និងដើម្បីឱ្យការបំពេញទស្សនកិច្ចផ្លូវរដ្ឋទទួលបានជោគជ័យ។


ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍ថា ការរក្សានូវសន្តិសុខ សុវត្ថិភាព ជូនគណៈប្រតិភូជាន់ខ្ពស់នៃសាធារណរដ្ឋប្រជាមានិតចិន ដែលដឹកនាំដោយឯកឧត្តម ស៊ី ជីងពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិននៅកម្ពុជានាពេលនេះជារឿងសំខាន់ណាស់ ដូច្នេះកងកម្លាំង និងអាជ្ញាធរខណ្ឌទាំង១៤ត្រូវតែយកចិត្តទុកដាក់ការពារសន្តិសុខឱ្យបានល្អបំផុតទាំងពេលប្រតិភូអញ្ជើញដល់ ទាំងការស្នាក់នៅ និងការអញ្ជើញនិវត្តន៌វិញ។ ក្នុងនោះដែរការរៀបចំសណ្តាប់ធ្នាប់សាធារណៈ អនាម័យ បរិស្ថាន ក៏ជារឿងសំខាន់ដែលត្រូវយកចិត្តទុកដាក់ឱ្យបានល្អបំផុត។ 
ជាមួយគ្នានេះ ឯកឧត្ដម ឃួង ស្រេង បានណែនាំឱ្យរដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទាំង១៤ ត្រូវចុះពិនិត្យរដ្ឋបាលនៅតំបន់មានហានិភ័យ ត្រួតពិនិត្យមើលទាំងទីតាំងអាជីវកម្ម ចុះពិនិត្យដល់គោលដៅសំខាន់ៗមួយចំនួនទៀត គឺត្រូវធ្វើឱ្យស្អាតមុនប្រតិភូអញ្ជើញមកដល់ ចំពោះអនាម័យ បរិស្ថាន សំរាម ត្រូវតែស្អាតទាំងអស់ចាប់ពីព្រលានយន្តហោះរហូតដល់កន្លែងស្នាក់នៅ។

អត្ថបទដែលទាក់ទង