Banner advertisement

ឯកឧត្តម Donald J. Trump ប្រកាសព្យួរការអនុវត្តពន្ធគយបដិការរបស់ខ្លួនមកត្រឹមអត្រា ១០% ក្នុងរយៈពេល ៩០ថ្ងៃ សម្រាប់គ្រប់ប្រទេសទាំងអស់ដែលបានស្នើសុំចរចាស្វែងរកដំណោះស្រាយ ជាមួយសហរដ្ឋអាម៉េរិក ក្នុងនោះរួមមាន កម្ពុជា ផងដែរ

10-Apr-2025 2:51 PM

ក្រោមការដឹកនាំផ្ទាល់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីការប្រកាសនូវអត្រាពន្ធគយបដិការ (Reciprocal Tariffs) ដែលឯកឧត្តមប្រធានាធិបតី Donald J.​Trump បានកំណត់កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ (ម៉ោងនៅសហរដ្ឋអាម៉េរិក) កន្លងទៅ​ តាមរយ:ការបង្កើនអត្រាពន្ធគយបដិការលើបណ្តាប្រទេសជាច្រេីន​ ក្នុងនោះមានកម្ពុជារហូតដល់ ៤៩%​។ 


សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី បានសិក្សាវាយតម្លៃ និងរៀបចំនីតិវិធី ព្រមទាំងយន្តការផ្សេងៗ​ ជាបន្ទាន់ក្នុងគោលដៅធ្វើការចរចាផ្ទាល់ជាមួយនឹងរដ្ឋាភិបាលសហរដ្ឋអាម៉េរិកដេីម្បីទម្លាក់ចំនួនអត្រាពន្ធវិញ។

សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី បានផ្ញេីលិខិតជូនដល់ ឯកឧត្តមប្រធានាធិបតី Donald J.​Trump កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ បានគូសបញ្ជាក់អំពីការប្តេជ្ញាចិត្តចរចាបញ្ហាពន្ធគយបដិការរបស់កម្ពុជា ដោយធ្វេីការបន្ថយអត្រាពន្ធលើក្រុមមុខទំនិញនាំចូលពីសហរដ្ឋអាម៉េរិក ចំនួន ១៩ក្រុមមុខទំនិញ ពីអត្រា ៣៥% មកនៅត្រឹម ៥% ។

ជាលទ្ធផលវិជ្ជមាន ឆ្លើយតបនឹងសំណើសុំបើកការចរចាស្វែងរកដំណោះស្រាយរួមគ្នារបស់រាជរដ្ឋាភិបាលកម្ពុជា សេតវិមាន បានចុះផ្សាយព័ត៌មានអំពីអត្រាពន្ធគយបដិការថ្មី នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥នេះ (ម៉ោងនៅសហរដ្ឋអាម៉េរិក) គឺបានបញ្ចុះអត្រាពន្ធគយបដិការ (Reciprocal Tariffs) របស់កម្ពុជា ពីអត្រា ៤៩% មកនៅត្រឹម ១០% ក្នុងរយៈពេល ៩០ថ្ងៃ ។

បន្ថែមពីនេះ សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី បានប្រគល់ភារកិច្ចដល់ក្រុមការងារអន្តរក្រសួង-ស្ថាប័នចំពោះកិច្ច ដឹកនាំដោយ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏នឹងធ្វើការចរចាផ្ទាល់ជាមួយភាគីសហរដ្ឋអាមេរិកនាពេលឆាប់ៗខាងមុខនេះផងដែរ ។ 

ជាមួយគ្នានេះផងដែរ​ រាជរដ្ឋាភិបាលកម្ពុជា នឹងបន្តតាមដាន និងយកចិត្តទុកខ្ពស់បំផុត​ ក្នុងការស្វែងរក និងរក្សាឧត្តមប្រយោជន៍ជូនដល់ប្រជាជាតិ ព្រមទាំងបន្តកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ។

“សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្ម ស្ដីពីវឌ្ឍនភាពចុងក្រោយលើការអនុវត្តពន្ធគយបដិការ (Reciprocal Tariffs) របស់សហរដ្ឋអាម៉េរិក”

ក្រសួងពាណិជ្ជកម្មមានកិត្តិយសសូមជម្រាបជូនសាធារណជន ធុរជន និងអ្នកនាំចេញទាំងអស់មេត្តាជ្រាបថា៖ រាជរដ្ឋាភិបាលកម្ពុជាដែលមានក្រសួងពាណិជ្ជកម្ម និងក្រសួង-ស្ថាប័នពាក់ព័ន្ធជាសេនាធិការ បាននិងកំពុងបន្តផ្តល់ ការយកចិត្តទុកដាក់យ៉ាងគត់មត់តាមដានការវិវត្តនៃការអនុវត្តពន្ធគយបដិការ (Reciprocal Tariffs) របស់សហរដ្ឋ- អាម៉េរិក និងត្រៀមរៀបចំយន្តការស្វែងរកដំណោះស្រាយសមស្របជាមួយសហរដ្ឋអាម៉េរិក។ ក្រសួងពាណិជ្ជកម្ម សូមជម្រាបជូនអំពីវឌ្ឍនភាពចុងក្រោយលើការអនុវត្តពន្ធគយបដិការ ដូចខាងក្រោម៖

១- យោងតាមការចុះផ្សាយរបស់សេតវិមាន កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ (ម៉ោងនៅសហរដ្ឋអាម៉េរិក) ឯកឧត្តមប្រធានាធិបតី Donald J. Trump បានប្រកាសព្យួរការអនុវត្តពន្ធគយបដិការរបស់ខ្លួន មកត្រឹម អត្រា ១០% ក្នុងរយៈពេល ៩០ថ្ងៃ សម្រាប់គ្រប់ប្រទេសទាំងអស់ដែលបានស្នើសុំចរចាស្វែងរកដំណោះស្រាយ ជាមួយសហរដ្ឋអាម៉េរិក ក្នុងនោះ រួមមាន កម្ពុជា ផងដែរ។ ដូចនេះ អត្រាពន្ធគយបដិការ ៤៩% សម្រាប់កម្ពុជា នឹងអនុវត្តមកត្រឹមអត្រា ១០% តែប៉ុណ្ណោះ។

២- រាជរដ្ឋាភិបាលទទួលបានចម្លើយជាវិជ្ជមានពីភាគីសហរដ្ឋអាម៉េរិកលើសំណើសុំបើកការចរចាស្វែងរកដំណោះ ស្រាយរួម បន្ទាប់ពីរាជរដ្ឋាភិបាលបានដាក់ចេញនូវការឆ្លើយតបភ្លាមៗ តាមរយៈលិខិតរបស់ សម្តេចមហា បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ និងលិខិតរបស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ចុះថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ ដោយបង្ហាញសុច្ឆន្ទៈស្នើសុំបើកការចរចាស្វែងរកដំណោះស្រាយរួម និងបញ្ចុះពន្ធគយពីអាត្រា ៣៥% មកត្រឹម ៥% លើ ១៩ ក្រុមមុខទំនិញរបស់សហរដ្ឋអាម៉េរិកនាំចូលមកកម្ពុជា។

៣- ក្រុមការងារអន្តរក្រសួង-ស្ថាប័នចំពោះកិច្ច ដឹកនាំដោយ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជា អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងភាគីសហរដ្ឋអាម៉េរិក នឹងបើកការចរចានាពេលឆាប់ៗ ខាងមុខនេះ។

អត្ថបទដែលទាក់ទង