អនុវត្តតាមសេចក្តីណែនាំលេខ ០១៤សណន ចុះថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ របស់ក្រសួង មហាផ្ទៃ ស្តីពីការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមក្នុងឱកាស បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៥ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ ខាងមុខនេះ អគ្គស្នងការដ្ឋាននគរបាលជាតិ សូមធ្វើការណែនាំដល់នាយកដ្ឋាន មន្ទីរ អង្គភាពជំនាញ និង ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ដូចខាងក្រោម ៖
១. នាយកដ្ឋាន មន្ទីរ អង្គភាពជំនាញ ត្រូវបង្កើនការក្តាប់សភាពការណ៍ពាក់ព័ន្ធសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម ដូចជា សកម្មភាពភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ បែបផែនសកម្មភាព ក្រុមមាននិន្នាការប្រឆាំងជ្រុលនិយម ការប្រឌិតព័ត៌មានដែលមានចរិតញុះញុង អុជអាល បំប៉ោងសភាពការណ៍ បង្កចលាចលសង្គម សកម្មភាពមុខសញ្ញាបទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទ ដោយត្រូវផ្តល់កិច្ចសហការ គាំទ្រ ដល់ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ដើម្បីចាត់វិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបឱ្យទាន់ពេលវេលា។
២. ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ត្រូវធ្វើសេនាធិការជូនគណៈបញ្ជាការឯកភាព រដ្ឋបាល រាជធានី-ខេត្ត កសាងផែនការលម្អិតស្របតាមភូមិសាស្ត្រទទួលខុសត្រូវរៀងៗខ្លួន ដោយផ្តោតលើការងារ សំខាន់ៗ មួយចំនួនដូចខាងក្រោម :
ចាត់វិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបឱ្យទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាព នូវ សកម្មភាពប៉ុនប៉ងបង្កចលាចលសង្គម និងសកម្មភាពល្មើសផ្សេងៗ ដែលនាំឱ្យជះឥទ្ធិពលអវិជ្ជមានដល់ ស្ថិរភាពសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។
- ជំរុញការអនុវត្តគោលនយោបាយ «ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព ឱ្យបានកាន់តែសកម្ម ផុលផុស និងត្រូវយកចិត្តទុកដាក់គ្រប់គ្រងឱ្យបានហ្មត់ចត់នូវមុខសញ្ញាព្រហ្មទណ្ឌគ្រប់ប្រភេទ នៅតាម មូលដ្ឋាន ដោយប្រើប្រាស់គ្រប់វិធានការជំនាញស្របតាមច្បាប់ មិនទុកឱកាសឱ្យមុខសញ្ញាទាំងអស់នោះ ធ្វើសកម្មភាពបង្កអសន្តិសុខ ឬបង្កគ្រោះថ្នាក់ដល់អាយុជីវិត និងអន្តរាយដល់ទ្រព្យសម្បត្តិប្រជាពលរដ្ឋឡើយ។
- ត្រូវពង្រឹងការងារត្រួតពិនិត្យរដ្ឋបាល និងការងារគ្រប់គ្រងជនបរទេសនៅតាមមូលដ្ឋានរបស់ ខ្លួនឱ្យបានហ្មត់ចត់ សំដៅការពារសុវត្ថិភាពជូនជនបរទេសផង និងបង្ការទប់ស្កាត់អំពើល្មើសច្បាប់នានា ដែល ប្រព្រឹត្តដោយជនបរទេសផង។
- បង្កើនវិធានការសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈឱ្យបានម៉ឺងម៉ាត់ នៅតាមបណ្តាគោលដៅ ប្រារព្ធពិធីនានា និងគោលដៅកម្សាន្តសប្បាយរបស់ប្រជាពលរដ្ឋ ដូចជា ទីវត្តអារាម ប្រាង្គប្រាសាទ បូជនីយដ្ឋាន រមណីយដ្ឋាន គោលដៅទេសចរណ៍នានា ពិសេសគោលដៅប្រារព្ធពិធីសង្ក្រាន្ត ទន្ទឹមនោះ ត្រូវធានាឱ្យ បានដាច់ខាតនូវព្រះរាជសុវត្ថិភាពថ្វាយព្រះមហាក្សត្រ សុវត្ថិភាពជូនថ្នាក់ដឹកនាំកំពូលៗ និងឥស្សរជន ជាន់ខ្ពស់របស់ជាតិ ដែលយាង និងអញ្ជើញទៅចូលរួមពិធីបុណ្យ។ ជាមួយគ្នានេះដែរ ក៏ត្រូវមានផែនការ ចាត់តាំងការយាមកាម ល្បាត ការពារផ្ទះសំបែងទ្រព្យសម្បត្តិប្រជាពលរដ្ឋដែលចាកចេញទៅជួបជុំញាតិមិត្ត ផៅសន្តាននៅឯស្រុកកំណើត ឬទៅកម្សាន្តនៅទីឆ្ងាយៗ។
ទប់ស្កាត់ និងបង្ក្រាបឱ្យបានទាន់ពេល នូវរាល់សកម្មភាពដែលអាច និង/ឬបង្កគ្រោះថ្នាក់ ឬការភ័យខ្លាចដល់ប្រជាពលរដ្ឋដូចជា សកម្មភាពក្មេងទំនើង អំពើហិង្សា ការប្រើប្រាស់អាវុធគ្រឿងផ្ទុះ គ្រាប់រំសេវ ការប្រើទឹកកង្វក់ ឬវត្ថុរឹងគប់ដាក់គ្នា។ល។ ដែលបង្កឱ្យបាត់បង់សណ្តាប់ធ្នាប់ ជះឥទ្ធិពលមិនល្អ ដល់កិត្តិយស សេចក្តីថ្លៃថ្នូររបស់សង្គមជាតិខ្មែរ។
-1 - បន្តរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ប្រកបដោយភាពបត់បែន រស់រវើក ដោយ បញ្ចៀសឱ្យបាននូវការថ្នាំងថ្នាក់នានា និងត្រូវមានផែនការជាមុនក្នុងការរៀបចំសណ្តាប់ធ្នាប់ សម្រួល ចរាចរណ៍តាមដងផ្លូវជាតិ ទីប្រជុំជន ជាពិសេសច្រកចេញ-ចូលរាជធានី ទីរួមខេត្ត និងគោលដៅផ្សេងៗ ដែលមានមនុស្សប្រមូលផ្តុំ ដើម្បីរក្សានូវសណ្តាប់ធ្នាប់ របៀបរៀបរយ កាត់បន្ថយការកកស្ទះ ឬគ្រោះថ្នាក់ ផ្សេងៗ ដែលអាចកើតឡើងជាយថាហេតុ។
- បង្កើនការផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋ ឱ្យមានស្មារតីប្រុងប្រយ័ត្នចំពោះគ្រោះថ្នាក់អគ្គិភ័យ និងគ្រោះមហន្តរាយនានា ដោយត្រូវរៀបចំកម្លាំង និងមធ្យោបាយត្រៀមបម្រុងប្រចាំការ ២៤/២៤ម៉ោង ដើម្បីសហការ ជួយសង្គ្រោះ ពេលមានអគ្គិភ័យ និងគ្រោះធម្មជាតិកើតឡើងដោយចៃដន្យ។
៣. ស្នងការដ្ឋាននគរបាលខេត្តជាប់ព្រំដែន ត្រូវចាត់វិធានការជំនាញទប់ស្កាត់ឱ្យបានដាច់ខាត នូវជនបរទេសដែលលួចជ្រៀតចូលដោយខុសច្បាប់ ជាពិសេសមុខសញ្ញាភេវរកម្ម ឧក្រិដ្ឋកម្មឆ្លងដែន គ្រប់ប្រភេទ ក៏ដូចជាមុខសញ្ញាដែលមានតម្រុយបង្កវិទ្ធង្សនា ធ្វើឱ្យចលាចល ប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សង្គម។ ទន្ទឹមគ្នានេះត្រូវមានការសម្របសម្រួលជាមួយអាជ្ញាធរនៃប្រទេសជិតខាង ដើម្បីបង្ក លក្ខណៈងាយស្រួលឱ្យប្រជាពលរដ្ឋខ្មែរបានត្រលប់ចូលមកកម្ពុជាវិញ។
៤.នាយកដ្ឋាន អង្គភាព មន្ទីរជំនាញ និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ត្រូវរៀបចំ ចាត់តាំងប្រតិភូ និងអំណោយ ចុះសាកសួរសុខទុក្ខកងកម្លាំងនគរបាលនៅតាមសមរភូមិមុខ កម្លាំងកំពុង សម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ គេហដ្ឋាន និងគ្រួសារមន្ត្រីនគរបាលដែលបានពលី ឬរងរបួស ក្នុងបុព្វហេតុ សន្តិសុខជាតិ។
៥. នាយកដ្ឋាន អង្គភាព មន្ទីរជំនាញ និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ត្រូវពង្រឹង បន្ថែមការងារប្រចាំបញ្ជាគ្រប់ថ្នាក់ និងត្រៀមកម្លាំងសម្រាប់ចេញអន្តរាគមន៍ ពេលមានហេតុការណ៍កើតឡើង និងត្រូវសហការជាមួយបណ្តាញសំខាន់ៗ ដើម្បីផ្តល់ព័ត៌មានទាន់ពេលវេលា ដូចជាការកកស្ទះចរាចរណ៍ ដើម្បីឱ្យប្រជាជនបានដឹងជាមុន និងបង្វែរទិសចរាចរណ៍។ ជាមួយគ្នានោះ ត្រូវចាត់ចែងរៀបចំឱ្យមានសណ្តាប់ធ្នាប់ របៀបរៀបរយនៅតាមគោលដៅចំណតរថយន្តក្រុងរបស់រាជរដ្ឋាភិបាល ដែលដឹកជញ្ជូន ពលរដ្ឋទៅស្រុកកំណើត និងត្រលប់មកវិញដោយឥតគិតថ្លៃ សំដៅបញ្ចៀសការកកស្ទះ ការដណ្តើមគ្នា ឡើងរថយន្ត ដែលអាចនាំឱ្យកើតមានឧបទ្ទវហេតុផ្សេងៗនៅតាមគោលដៅទាំងនោះ និងត្រូវជួយសម្រួល ចរាចរណ៍នៅតាមដងផ្លូវធ្វើដំណើរផងដែរ។ ទន្ទឹមនោះ ត្រូវរៀបចំមន្ត្រីក្រោមឱវាទឱ្យមានការផ្លាស់ប្តូរវេន ប្រចាំការ ដើម្បីបានចូលរួមពិធីបុណ្យគ្រប់ៗគ្នា។
៦. នាយកដ្ឋាន មន្ទីរ អង្គភាពជំនាញ និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ត្រូវបញ្ជូន ផែនការធានាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ មកសេនាធិការដ្ឋាន យ៉ាងយូរបំផុតត្រឹមថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ ព្រមទាំងធ្វើការ បូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការក្រោយពេលបុណ្យរួច រាយការណ៍មកអគ្គស្នងការដ្ឋាន នគរបាលជាតិ ឱ្យបានត្រឹមល្ងាចថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ ជាកំណត់។