Banner advertisement

បញ្ជាការដ្ឋានទ័ពពិសេស ត្រៀមកម្លាំង និងមធ្យោបាយរួចជាស្រេច ដើម្បីថែរក្សាសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

10-Apr-2025 2:31 PM

ដើម្បីថែរក្សាសន្តិសុខ និងសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋខ្មែរ នៅទូទាំងប្រទេស ក៏ដូចជាភ្ញៀវជាតិ និងអន្តរជាតិ មកកម្សាន្ត ក្នុងឱកាសថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ រយៈពេល ០៣ថ្ងៃ ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ មេសា ឆ្នាំ២០២៥ បញ្ជាការដ្ឋានទ័ពពិសេស កងទ័ពជើងគោក បានត្រៀមកម្លាំង និងមធ្យោបាយ សម្រាប់ចុះជួយប្រជាពលរដ្ឋ នៅពេលមានហេតុការកើតឡើងជាយថាហេតុ។


ក្នុងជំនួបសំណេះសំណាលជាមួយកម្លាំងអន្តរាគមន៍ និងកម្លាំងត្រៀមប្រយុទ្ធ នាព្រឹកថ្ងៃពុធ ១២កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ នេះ ឧត្តមសេនីយ៍ទោ ស៊ុំ សំណាង មេបញ្ជាការបញ្ជាការដ្ឋានទ័ពពិសេស កងទ័ពជើងគោក បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ បណ្ឌិត ពេជ ច័ន្ទមុន្នី និងការផ្តាំផ្ញើសាកសួរសុខទុក្ខពីថ្នាក់ដឹកក្រសួងការពារជាតិ អគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ជូនចំពោះ នាយ និងពលទាហាន ព្រមទាំងក្រុមគ្រួសារ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ សូមទទួលបាននូវ សុខភាពល្អបរិបូរណ៍ ជោគជ័យគ្រប់ភារកិច្ច។


ឧត្តមសេនីយ៍ទោ ស៊ុំ សំណាង បានផ្តាំផ្ញើឱ្យ នាយ និងពលទាហានទាំងអស់ ដែលជាកម្លាំងអន្តរាគមន៍ និងកម្លាំងត្រៀមប្រយុទ្ធ ត្រូវប្រចាំការជាប់ជាប្រចាំ ២៤ម៉ោងលើ ២៤ម៉ោង ដើម្បីត្រៀមទទួលបទបញ្ជាពីថ្នាក់លើ និងសំណូមពររបស់ប្រជាពលរដ្ឋ នៅពេលមានហេតុការកើតឡើងជាយថាហេតុ ធ្វើយ៉ាងណាអន្តរាគមន៍ឱ្យបានលឿន និងមានប្រសិទ្ធិភាពខ្ពស់៕

អត្ថបទដែលទាក់ទង