ភ្នំពេញ៖ គណបក្សមហាសាមគ្គីជាតិខ្មែរ បានដាក់លិខិតជាផ្លូវការគោរពជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្នើសុំបង្កើតច្បាប់ភេរវកម្មដាក់ក្រុមឧទ្ទាមជ្រុលនិយមទៅជាក្រុមភេរវករ ដែលបានបង្កើតអង្គការចាត់តាំងនយោបាយដោយខុសច្បាប់នៅក្រៅប្រទេស ហើយធ្វើសកម្មភាពនយោបាយដែលជាចេតនាចង់បំផ្លាញសុខសន្តិភាពកម្ពុជា តាមរយៈអំពាវនាវឃោសនាព័ត៌មានបំផុសបំផុលឲ្យប្រជាជនកម្ពុជា និងកងកម្លាំងជាតិ ឲ្យងើបបះបោរផ្តួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់។
ការដាក់លិខិតស្នើសុំបង្កើតច្បាប់ភេរវកម្មដាក់ក្រុមឧទ្ទាមជ្រុលនិយមទៅជាក្រុមភេរវករ បានធ្វើឡើងនារសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤។
ឯកឧត្តមបណ្ឌិត ហ៊ាង គឹមស្រឿន ប្រធានគណបក្សមហាសាមគ្គីជាតិខ្មែរ បានគោរពជម្រាបជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាថា ដើម្បីរក្សាឲ្យបានសន្តិភាពជូនជាតិ និងប្រជាជនកម្ពុជា គណបក្សមហាសាមគ្គីជាតិខ្មែរ ដែលជាគណបក្សសម្ព័ន្ធភាពជាមួយ គណបក្សប្រជាជនកម្ពុជា សូមគោរពស្នើបង្កើតឲ្យមានច្បាប់ភេរវកម្ម ដើម្បីដាក់ក្រុមឧទ្ទាមជ្រុលនិយមក្រៅច្បាប់ទៅជាក្រុមភេរវករ ដែលបានបង្កើតអង្គការចាត់តាំង នយោបាយដោយខុសច្បាប់នៅក្រៅប្រទេស ហើយធ្វើសកម្មភាពនយោបាយដែលជាចេតនាចង់បំផ្លាញសុខសន្តិភាព កម្ពុជា តាមរយៈអំពាវនាវឃោសនាព័ត៌មានបំផុសបំផុលឲ្យប្រជាជនកម្ពុជា និងកងកម្លាំងជាតិ ឲ្យងើបបះបោរផ្តួលរំលំ រាជរដ្ឋាភិបាល ដែលកើតចេញពីការបោះឆ្នោតដោយស្របច្បាប់ ព្រោះនេះសបញ្ជាក់ឲ្យឃើញពីការដណ្តើមអំណាចតាម បែបបដិវត្តពណ៌ ដែលកម្ពុជាមិនអាចបណ្តែតបណ្តោយបានជាដាច់ខាត ដើម្បីរក្សានូវសុខសន្តិភាពជូនជាតិ និងប្រជាជន កម្ពុជា គប្បីរាជរដ្ឋាភិបាល គណបក្សជាប់ឆ្នោត ពន្លឿនការយកចិត្តទុកដាក់រៀបចំតាក់តែងច្បាប់ភេរវកម្មដាក់ក្រុមឧទ្ទាម ជ្រុលនិយមក្រៅច្បាប់ទៅជាក្រុមភេរវករឲ្យបានឆាប់រហ័សបំផុតដែលអាចធ្វើទៅបាន។
សូមជម្រាបថា គណបក្សនយោបាយ និងអង្គការសង្គមស៊ីវិល បានប្រកាសគាំទ្រចំពោះប្រសាសន៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា សូមឲ្យមានការតាក់តែងច្បាប់ ដើម្បីរៀបចំនូវច្បាប់ដាក់ក្រុមជ្រុលនិយមក្រៅប្រទេសជាក្រុមភេរវកម្ម ដើម្បីធានាបាននូវសន្តិភាព ភាពសុខសាន្ត ដល់ប្រជាជាតិកម្ពុជា និងការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព។
យោងតាមប្រសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងពិធីអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលសម្តេចតេជោ មានប្រសាសន៍ថា តើគួរដល់ពេលហើយឬនៅ? បងប្អូនជនរួមជាតិ និងក្រុមអ្នកច្បាប់ តាក់តែងច្បាប់ ដើម្បីរៀបចំនូវច្បាប់ដាក់ក្រុមជ្រុលនិយមក្រៅប្រទេស ជាក្រុមភេរវកម្ម។
សូមជម្រាបថា គណបក្សនយោបាយនៅក្នុងប្រទេសកម្ពុជាបានគាំទ្រការតាក់តែងច្បាប់ឲ្យក្រុមជ្រុលនិយមនៅក្រៅប្រទេសដាក់ជាក្រុមភេរវកម្ម។ ការគាំទ្រនេះ បត្រូវបានមេដឹកនាំគណបក្សនយោបាយអះអាងថា ដោយសារក្រុមជ្រុលនិយមទាំងនេះ បានបង្កើតអង្គការចាត់តាំង ប្រកាសកៀរគរ បង្កើតនូវចលនាខុសច្បាប់នានា ព្រមទាំងព្យាយាមបង្កើតព័ត៌មានញុះញង់បំភ្លៃការពិត បង្កព្យសនកម្មធ្ងន់ធ្ងរ ដល់សន្តិសុខ សណ្តាប់ធ្នាប់ជាតិ ក៏ដូចជាបង្កភាពវឹកវរ ចលាចលដល់ប្រជាជន ដែលវាជាអំពើខុសច្បាប់ ទាំងស្រុង និងជាក្រុមជ្រុលនិយមបំផ្លាញប្រទេសជាតិខ្លួនឯង។