មុននាគខៀវ ប៉ះសិង្ហក្រហម តើខ្សែប្រយុទ្ធជួរមុខរបស់ក្រុមទាំងពីរមើលឃើញបែបណាចំពោះ Cambodia Classic Match

29-Nov-2024 2:58 PM

ជំនួបដ៏ធំប្រចាំឆ្នាំរវាងសមាគមកីឡាបាល់ទាត់បឹងកេត ទល់នឹងជើងខ្លាំងក្នុងលីគកំពូលភ្នំពេញក្រោន នឹងត្រូវធ្វើឡើងនាថ្ងៃទី 29 ខាងមុខនេះ ហើយនៅមុនការប្រកួត Cambodia Classic Match មួយនេះចាប់ផ្តើម លីគកំពូលបាល់ទាត់កម្ពុជា Cambodian Premier League ក៏បានធ្វើការសាកសួរស្រង់មតិ នឹងការយល់ឃើញពីកំពូលខ្សែប្រយុទ្ធតំណាងក្រុមនីមួយៗរួចជាស្រេច។



នាមុនការប្រកួតកក្រើកបាល់ទាត់កម្ពុជាដែលគ្រោងផ្តើមនៅម៉ោង 7 នាឯពហុកីឡដ្ឋានជាតិ កីឡាករមាឌតូចកំពូលល្បឿន សៀង ចន្ធា បានប្រាប់មកកាន់ Cambodian Premier League ថា គេពិតជាមានក្តីរំភើបក្នុងការចូលរួមចំណែកក្នុងការប្រកួតមហិមាមួយនេះ ក្រោយខកខានជាច្រើនលើកព្រោះបញ្ហាញាំញី។ បើតាមការអោយដឹងរបស់កីឡាករជម្រើសជាតិកម្ពុជារូបនេះ ទាំងខ្លួន នឹងក្លឹបបឹងកេតទាំងមូលបានត្រៀមខ្លួនរួចជាស្រេចដើម្បីទប់ទល់ជាមួយនឹងក្រុមដែលកំពុងធ្វើបានយ៉ាងល្អក្នុងស្រុកដូចជាភ្នំពេញក្រោន។ ទោះបានដឹងពីអនុភាព នឹងសមត្ថភាពរបស់ភ្នំពេញក្រោនក៏ពិតមែន តែចន្ធាមានភាពជឿជាក់យ៉ាងមុតមាំថា ក្រុមគេនឹងធ្វើអោយបានល្អបំផុតតាមដែលអាចធ្វើទៅបាន ដើម្បីស្តារមុខមាត់ជូនអ្នកគាំទ្រ។



ដោយឡែក ម៉ាស៊ីនរកគ្រាប់បាល់ជំនាន់ថ្មីរបស់ភ្នំពេញក្រោន ពោលគឺ Ibeh Nnamdi Ofufu ក៏បានទទួលសំណួរចាក់ដោតពីលីគកំពូលកម្ពុជាដូចចន្ធាដែរ ហើយ Ofufu ក៏បានទទួលស្គាល់ផងដែរថា គេបានយល់អំពីប្រវត្តិដ៏អស្ចារ្យរបស់បឹងកេត នឹងការប្រកួតមួយនេះ។ លើសពីនេះ កីឡាករមានដើមកំណើតនៅប្រទេសនីហ្សេរីយ៉ា បានបន្ថែមទៀតផងដែរថា Cambodia Classic Match នាពេលខាងមុខនេះ គឺជាជំនួបកំណត់ជោគវាសនារបស់ក្រុមទាំងពីរ ដូចនេះការប្រកួតនឹងមានភាពតានតឹងដល់កម្រិតកំពូល។ យ៉ាងណាក្តី កីឡាករដែលស៊ុតបាន​ 8 គ្រាប់ នឹងបញ្ជូនអោយមិត្តរួមក្រុមរកបាន 8 គ្រាប់នៅលីគកំពូលកម្ពុជាសម្រាប់រដូវកាលនេះ បានប្តេជ្ញាដូចចន្ធាថា រូបគេនឹងភ្នំពេញក្រោននឹងធ្វើគ្រប់យ៉ាងដើម្បីទទួលបានបីពិន្ទុដ៏មានសារសំខាន់ ហើយឈរនៅកំពូលតារាងបន្តទៀត។



ទោះប្រកបអាជីពនៅក្លឹបផ្សេងគ្នាក៏ពិតមែន តែខ្សែប្រយុទ្ធទាំងពីរបានលើកឡើងនូវចំណុចមួយដែលអាចធ្វើអោយការប្រកួតកាន់តែកក្រើក ដោយពួកគេបានស្នើរអោយអ្នកគាំទ្រក្រុមទាំងសងខាង ក៏ដូចជាអ្នកដែលស្នេហាវិស័យកីឡាបាល់ទាត់នៅកម្ពុជា ចូលរួមទស្សនាអោយបានច្រើនកុះករ ដើម្បីជួយលើកទឹកចិត្តដល់ក្រុមដែលខ្លួនស្រលាញ់ ក៏ដូចជាបង្ហាញអោយឃើញពីកំណើននៃការគាំទ្រចំពោះលីគកំពូលកម្ពុជា ដែលកំពុងស្ថិតក្នុងដំណើរការអភិវឌ្ឍប្រជែងជាមួយប្រទេសជិតខាងក្នុងតំបន់អាស៊ីអាគ្នេយ៍៕

អត្ថបទដែលទាក់ទង