សហព័ន្ធកីឡាបាល់ទាត់នៃប្រទេសម៉ាឡេស៊ី ទើបតែបានចេញបញ្ជីផ្លូវការនៃសមាសភាពកីឡាករចំនួន 26 ដែលនឹងត្រូវរៀបចំខ្លួនអង្រួនការប្រកួតពាន ASEAN Mitsubishi Electric Cup នាដើមខែក្រោយនេះ។
នៅក្នុងបញ្ជីកីឡាករតំណាងម៉ាឡេស៊ីលើកនេះ អ្នកគាំទ្របានចាប់អារម្មណ៍ថាកីឡាករដែលឧស្សាហ៍ជាប់ជម្រើសជាតិពីមុន នឹងធ្លាប់លេងជាជម្រើសដំបូង បានអវត្តមានប្រមាណ 7 នាក់ ដែលគ្រប់គ្នាជឿថាអាចនឹងធ្វើអោយមានផលប៉ះពាល់ជាខ្លាំងដល់លទ្ធផលនៃការប្រកួត ព្រោះពេលវេលាហ្វឹកហាត់ជុំគ្នាមានមិនដល់ 1 សប្តាហ៍ផង បើរាប់ពីថ្ងៃនេះទៅ។ បើតាមប្រភពក្នុងស្រុកមួយបានលើកឡើងថា ការអាក់ខានមិនបានបង្ហាញខ្លួនសម្រាប់កីឡាករទាំងនោះ គឺដោយសារតែការបដិសេដពីក្លឹបរបស់កីឡាករ ក្រោមមូលហេតុដែលការប្រកួតពានមួយនេះ គឺមិនចំថ្ងៃឈប់សម្រាក International Break រឺ FIFA Day នោះឡើយ ធ្វើអោយក្លឹបមិនមានចេតនាអនុញ្ញាតបញ្ជូនកីឡាករចូលជំរុំក្រុមជម្រើសជាតិ ខ្លាចរងរបួសធ្ងន់ធ្ងរ។
ជាលទ្ធផល លោក Pau Marti ដែលជាគ្រូបង្គោលរបស់ក្រុមជម្រើសជាតិម៉ាឡេស៊ី បានរិះរកដំណោះស្រាយភ្លាមៗ ដើម្បីចៀសវាងភាពចលាចលនៅក្នុងក្រុម ដោយបានកោះហៅកីឡាករវ័យក្មេងជាច្រើនចូលក្រុម ដែលពួកគេទាំងនោះសុទ្ធសឹងតែធ្លាប់ឆ្លងកាត់ការលេងអោយឈុតយុវជនរបស់ម៉ាឡេស៊ី ទាំងក្នុងតំបន់អាស៊ីអាគ្នេយ៍ នឹងតំបន់អាស៊ីទាំងមូល។ លើកពីនេះទៅទៀត អ្នកគាំទ្រមួយចំនួនហាក់បង្ហាញភាពភ្ញាក់ផ្អើលពេលឃើញឈ្មោះកីឡាករដូចជា Endrick នឹង Sergio Aguero ស្ថិតក្នុងក្រុមជម្រើសជាតិម៉ាឡេស៊ី។ តាមការពិត សហព័ន្ធបាល់ទាត់ម៉ាឡេស៊ីមិនបានសរសេរច្រឡំនោះឡើយ ជាក់ស្តែង កីឡាករ Endrick dos Santos ជាកីឡាករកូនកាត់ម៉ាឡេស៊ីដែលកំពុងប្រកបអាជីពក្លឹប Ho Chi Minh City នៃប្រទេសវៀតណាម ខណះខ្សែបម្រើមួយរូបទៀតដែលមានឈ្មោះពេញ Sergio Fabian Ezequiel Aguero បច្ចុប្បន្នកំពុងតែលេងនៅក្លឹប Sri Pahang FC របស់លីគកំពូលម៉ាឡេស៊ី ហើយកីឡាកររូបនេះមមានដើមកំណើតនៅប្រទេសអាហ្សង់ទីន ជាហេតុធ្វើអោយមានឈ្មោះទៅនឹងអតីតកំពូលខ្សែប្រយុទ្ធ Sergio Aguero របស់ Manchester City។
គួរបញ្ជាក់ផងដែរថា ក្រុមខ្លាកំណាចម៉ាឡេស៊ី នឹងចាប់ផ្តើមការប្រកួតពាន AFF Mitsubishi Electric Cup ជាមួយនឹងការធ្វើដំណើរមកកាន់ព្រះរាជាណាចក្រកម្ពុជា ដើម្បីប៉ះក្រុមគោព្រៃកម្ពុជា នៅថ្ងៃទី 8 ធ្នូនេះ ក្នុងពហុកីឡដ្ឋានជាតិ ស្របពេលដែលម្ចាស់ផ្ទះកម្ពុជាទើបតែបានបង្ហាញពីសមាសភាពកីឡាករកំពូលៗដែលលោក Koji Kyotoku នឹងជ្រើសរើសដើម្បីព្យាយាមបង្កើតប្រវត្តិសាស្ត្រដូចដែលកីឡាការិនីជម្រើសជាតិកម្ពុជាទើបតែធ្វើបានកាលពីពេលថ្មីៗនេះ៕