ថ្មីៗនេះ នាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ សង្កេតឃើញមានសារព័ត៌មាន មួយចំនួនបានបង្ហោះផ្សព្វផ្សាយរូបភាពសកម្មភាពក្រៅឆាកនៃការថតភាពយន្តរបស់ផលិតករមកពី ប្រទេសចិន សហការជាមួយផលិតករក្នុងស្រុក ដែលកំពុងដំណើរការថតនៅតំបន់កំពង់ភ្លុក ស្រុក ប្រាសាទបាគង ខេត្តសៀមរាប ជាមួយនឹងការរិះគន់ចំពោះភាពខុសឆ្គងក្នុងការប្រើប្រាស់សម្លៀកបំពាក់។
ពាក់ព័ន្ធករណីនេះ យើងខ្ញុំសូមជម្រាបជូនសាធារណៈជនទាំងអស់មេត្តាជ្រាបថា ផលិតកម្មរួម គ្នារវាង Palm Film Production របស់កម្ពុជា និង Benchmark Production របស់ប្រទេសចិន ទទួលបានសិទ្ធផលិតភាពយន្តរឿង “និទាននៃព្រៃស្មសាន” ដែលជាភាពយន្តបែបប្រឌិដ្ឋបរិយាយពីបុរស ជនជាតិចិនម្នាក់ធ្វើដំណើរចាកចេញពីប្រទេសចិន មកកាន់ប្រទេសមួយចំនួនក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលភាគច្រើននៃសាច់រឿងគឺកើតឡើងក្នុងប្រទេសមីយ៉ាន់ម៉ា។
រូបភាពនៃសកម្មភាពថតភាពយន្ត ដែលត្រូវបានបណ្តាញសង្គមយកមកផ្សព្វផ្សាយនិងរិះគន់ គឺជាឈុតមួយដែលរៀបរាប់អំពីដំណើររបស់ជនជាតិចិននៅតំបន់មួយក្នុងប្រទេសមីយ៉ាន់ម៉ា ដែលនៅក្នុង តំបន់នោះប្រជាជនមីយ៉ាន់ម៉ាស្លៀកពាក់តាមទម្រង់ដែលផលិតករកំពុងរៀបចំថត ហើយផលិតករពុំបាន កែច្នៃសម្លៀកបំពាក់ប្រពៃណីខ្មែរជាមួយសម្ភារៈបរទេសនោះទេ។ ជារួមនៅពេលដែលភាពយន្តនេះកាត់ត ដំឡើងរូបភាពសម្រេច នោះទស្សនិកជននឹងមើលឃើញច្បាស់ថាមិនមែនជាសាច់រឿងកើតនៅកម្ពុជាទេ ហើយក៏មិនផ្តល់ផលប៉ះពាល់ដល់ប្រពៃណីជាតិយើងដែរ។
សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណៈជន អ្នកសារព័ត៌មាន បណ្តាញសង្គមនានា មេត្តាជ្រាបនិងកុំយករូបភាពនៃសកម្មភាពថតភាពយន្តមកផ្សព្វផ្សាយ និងបកស្រាយខុសពីទិដ្ឋភាពជាក់ស្តែង។ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ តែងតែពិនិត្យលម្អិតទៅលើសាច់រឿងមុននឹងផ្តល់ជូនផលិតករនូវលិខិត អនុញ្ញាតថត ដើម្បីជៀសវាងផលប៉ះពាល់ដល់សិល្បៈវប្បធម៌ប្រពៃណីដ៏ថ្លៃថ្លារបស់ជាតិ។
នាយកដ្ឋាន សូមថ្លែងអំណរគុណចំពោះសេចក្តីបារម្ភ មតិកែលំអរ និងទឹកចិត្តស្រលាញ់ វប្បធម៌ប្រពៃណីជាតិរបស់សាធារណៈជនគ្រប់មជ្ឈដ្ឋាន។ យើងខ្ញុំរង់ចាំផ្តល់ចម្លើយនិងសេចក្តីពន្យល់បន្ថែម ចំពោះមតិនានាលើករណីទាំងនេះ តាមរយៈទូរស័ព្ទលេខ ០១២ ៤១១ ៣៤២។