ភ្នំពេញ : ឯកឧត្តម នាយឧត្តមសេនីយ៍ ឈុំ សុជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ថា ការចូលសំចតលើកទី១ នាវាចម្បាំងកងទ័ពជើងទឹកសាធារណៈរដ្ឋកូរ៉េ DDH-978 នៅព្រះរាជាណាចក្រកម្ពុជា រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់១៤ ខែធ្នូ ឆ្នាំ២០២៤ នេះគឺជាប្រវត្តិសាស្ត្រដែលនឹងត្រូវកត់ត្រាទុក។ ឯកឧត្តមជឿជាក់កិច្ចសហប្រតិបត្តិការរវាងកងទ័ព នៃប្រទេសទាំងពីរ នឹងបន្តរីកចម្រើនជាបន្តទៀត នៅថ្ងៃអនាគត។
ការបញ្ជាក់នេះ ក្នុងពិធីជប់លៀងស្វាគមន៍ នាវាកងទ័ពជើងទឹកសាធារណរដ្ឋកូរ៉េ ចំនួន០១គ្រឿង ឈ្មោះ Wang Geon Destroyer (DDH-978) ដឹកនាំដោយវរនាវីឯក Chio Jong Soo មេបញ្ជាការនាវាកងទ័ពជើងទឹកសាធារណរដ្ឋកូរ៉េ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កាលពីល្ងាចថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤។
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានបន្តថា ដំណើរបំពេញទស្សនកិច្ចរបស់ នាវាកងទ័ពជើងទឹកសាធារណរដ្ឋកូរ៉េ Wang Geon Destroyer ជាការពង្រឹងកិច្ចសហប្រតិបត្តិការល្អ បង្កើនទំនាក់ទំនង និងរឹតចំណងមិត្តភាព សាមគ្គីភាពឱ្យកាន់តែល្អទ្វេឡើងថែមទៀត រវាងប្រទេសទាំងពីរ កម្ពុជា-កូរ៉េ។ នាវាកងទ័ពជើងទឹកសាធារណរដ្ឋកូរ៉េនេះ អាចទម្ងន់ផ្ទុកសរុប៥៥៨២តោន មានបណ្តោយ១៤៩,៥ ម៉ែត្រ, ទទឹង ១៧,៤ម៉ែត្រ, កម្ពស់ ៣៩,២៤ម៉ែត្រ, ជម្រៅ ទឹក ៧,៣ម៉ែត្រ និងល្បឿន៣០kts។
តាងនាមឱ្យឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នាយឧត្តមសេនីយ៍សូមសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ រដ្ឋាភិបាល កងទ័ព និងប្រជាជនសាធារណរដ្ឋកូរ៉េ ដែលតែងតែឧបត្ថម្ភគាំទ្រដល់ ព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាក្រសួងការពារជាតិ ក្នុងស្មារតីមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អ និងជាមិត្តដ៏ល្អ ក្នុងទំនាក់ទំនងមិត្តភាពដ៏ល្អប្រសើរ និងពង្រឹងកិច្ចទំនាក់ទំនងដ៏ស៊ីជម្រៅកាន់តែរឹងមាំលើគ្រប់វិស័យ ជាពិសេសវិស័យការពារជាតិ រវាង ប្រទេសទាំងពីរ។
ឯកឧត្តម បានបញ្ជាក់ថា ជារួមកិច្ចសហប្រតិបត្តិការយោធាកម្ពុជា-សាធារណរដ្ឋកូរ៉េ បន្តរក្សាចំណងមិត្តភាពល្អ និងពង្រីកពីមួយឆ្នាំទៅមួយឆ្នាំ។ ជាការពិតណាស់ កិច្ចសហប្រតិបត្តិការ រវាងកងយោធពលខេមរភូមិន្ទ និងសាធារណរដ្ឋកូរ៉េ បាននិងកំពុងរីកចម្រើនគួរឱ្យកត់សម្គាល់ ជាពិសេសការចូលសំចតលើកទី១ នាវាចម្បាំងកងទ័ពជើងទឹកសាធារណៈរដ្ឋកូរ៉េ DDH-978 នៅព្រះរាជាណាចក្រកម្ពុជា នេះគឺជា ប្រវត្តិសាស្ត្រដែលនឹងត្រូវកត់ត្រាទុក។ ឯកឧត្តមជឿជាក់កិច្ចសហប្រតិបត្តិការរវាងកងទ័ព នៃប្រទេសទាំងពីរ នឹងបន្តរីកចម្រើនជាបន្តទៀត នៅថ្ងៃអនាគត។
ក្នុងឱកាសដ៏មានតម្លៃនេះ នាយឧត្តមសេនីយ៍រដ្ឋលេខាធិការធ្វើការកត់សំគាល់ អំពីសារៈសំខាន់ នៃដំណើទស្សនកិច្ចរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅសាធារណរដ្ឋកូរ៉េ អំឡុងខែឧសភា ឆ្នាំ២០២៤ ដែលបានជំរុញកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរឱ្យឈាន ដល់ដៃគូរយុទ្ធសាស្ត្រ។ នេះគឺដំណើរទស្សនកិច្ចទទួលបានជោគជ័យប្រកបដោយផ្លែផ្កា ពោរពេញទៅដោយសេចក្តីសោមនស្សរីករាយ ដែលជំរុញឱ្យមានសហប្រតិបត្តិការលើវិសយ័យោធាជាបន្តបន្ទាប់មក។
អ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ឯកឧត្តមអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលបានជំរុញកិច្ចទំនាក់ទំនង និងកិច្ចសហប្រតិប្តិការរវាងប្រទេសទាំងពីរឈាន ដល់ដៃគូរយុទ្ធសាស្ត្រ ជាពិសេសវិស័យការពារជាតិ ក៏បានកំពុងពង្រឹងនិងពង្រីក។ ក្នុងនោះកងទ័ពជើងគោក និងវិស័យរក្សាសន្តិភាព (PKO) រវាងប្រទេសទាំងពីរបានកំពុងបោះជំហានយ៉ាងល្អប្រសើរ។
ជាថ្មីម្តងទៀត តាំងនាមក្រសួងការពារជាតិ និងប្រជាជនកម្ពុជា នាយឧត្តមសេនីយ៍ ឈុំ សុជាត សូមសម្តែងអំណរគុណសាជាថ្មីម្តងទៀតជូនចំពោះ រដ្ឋាភិបាល ក្រសួងការពារជាតិ និងប្រជាជនសាធារណរដ្ឋកូរ៉េ ដែលតែងតែឧបត្ថម្ភគាំទ្រលើគ្រប់វិស័យ ជាពិសេសវិស័យយោធា ហើយលោកសូមជូនពរចំពោះរដ្ឋាភិបាល កងទ័ព និងប្រជាជនសាធារណរដ្ឋកូរ៉េ សូមទទួលបានជោគជ័យក្នុងការងារ និងវិបុលភាព ចំរើន រុងរឿង៕