សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ការរៀបចំឱ្យមានការចុះបញ្ជីថ្នាលឌីជីល​សម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺដើម្បីជួយ ​និង​ មិនមែនដាក់​បន្ទុក​បន្ថែម​​ដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដោយផ្អែក​លើគោលការណ៍​ស្ម័គ្រចិត្ត

20-Dec-2024 8:41 PM

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ បានថ្លែងក្នុងពិធី សម្ពោធដាក់ឱ្យដំណើរការ “ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ” នាព្រឹកថ្ងៃចន្ទ ទី១៦ ខែធ្នូ ឆ្នាំ២០២៤ ថាការរៀបចំឱ្យមានការចុះបញ្ជីថ្នាលឌីជីលសម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនេះ មានគោលបំណង​សំខាន់ គឺដើម្បីជួយ និងមិនមែនដាក់បន្ទុកបន្ថែមដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដោយ​ផ្អែក​​លើគោលការណ៍​ស្ម័គ្រចិត្ត និងមិនមានការបង្ខិតបង្ខំនោះឡើយ។ នេះជាយន្តការដែលរាជរដ្ឋាភិ​បាលរៀបចំឡើង ដើម្បីបង្កើតនូវទំនាក់ទំនងរវាងអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាមួយនឹងរាជរដ្ឋា​ភិបាល ក្នុងការគិតគូរ​ និងជួយ​ ដល់បងប្អូនសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យកាន់តែមានប្រសិទ្ធភាព និងរហ័សទាន់ពេល។


សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី​ ក៏បានពន្យល់បន្ថែមអំពី គុណតម្លៃ និងកញ្ចប់អត្ថប្រយោជន៍​ នៃ​ការ​ចុះ​ឈ្មោះចូលក្នុងប្រព័ន្ធចំនួន ៨ ដែល​រាជរដ្ឋាភិបាលកម្ពុជា បានគិតគូរ និងរៀបចំជួយដល់បង​ប្អូន​សេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងនោះរួមមាន៖ ១/ ការចុះឈ្មោះរបស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺអនុវត្តតាមគោលការណ៍ស្ម័គ្រចិត្តទាំងស្រុង, មិនមានការបង្ខិតបង្ខំ និងមិនគិតថ្លៃអ្វីទាំងអស់, ២/ អ្នកសេដ្ឋកិច្ច​ក្រៅប្រព័ន្ធដែលមានផលរបរក្រោម ២៥០លានរៀលក្នុងមួយឆ្នាំ មិនមានកាតព្វកិច្ចពន្ធ, មិនចាំបាច់​បង់ពន្ធប៉ាតង់ និងមិនចាំបាច់រៀបចំឯកសារប្រកាសពន្ធអ្វីទាំងអស់, ៣/ ក្រោយចុះឈ្មោះ និងទទួលបានការអនុម័តរួច បងប្អូននឹង​ទទួលបានវិញ្ញាបនបត្រចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលជាការបញ្ជាក់នៃការទទួលស្គាល់តួនាទី និងការរួម​ចំណែករបស់បងប្អូនដល់សេដ្ឋកិច្ចជាតិ, ៤/ ការចុះឈ្មោះនេះ នឹងផ្តល់លទ្ធភាពឱ្យបងប្អូនបង្កើន​សមត្ថភាពជំនាញបច្ចេកទេស និងវិជ្ជាជីវៈ តាមរយៈការពង្រឹងជំនាញដែលមានស្រាប់ និងការ​ចាប់យក​ជំនាញថ្មី, ៥/ ការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ប្រៀបដូចជាកូនសោមួយ ដែលបងប្អូនអាចចាក់ ដើម្បីបើកទ្វារទៅកាន់សេវាហិរញ្ញវត្ថុផ្លូវការ រួមទាំងសេវាឥណទាន ឬទុនវិនិយោគពីគ្រឹះស្ថាន​ហិរញ្ញ​វត្ថុ ដើម្បីពង្រីកមុខរបរ ដោយចៀសវាងទៅចងការ ឬទៅខ្ចីបុលក្រៅផ្លូវការ, ៦/ លទ្ធភាពក្នុងការ​ចូល​ជាសមាជិករបបបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.), ៧/ ការចុះឈ្មោះនេះ នឹងជួយរាជរដ្ឋាភិបាលក្នុងការកសាងទិន្ន​ន័យល្អ ដែលនឹងផ្តល់លទ្ធភាពដល់រដ្ឋក្នុងការផ្តល់ការគាំទ្រទៅដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យចំគោលដៅ និងរហ័ស​ ជាពិសេសក្នុងអំពឡុងពេលនៃវិបត្តិនានា និង៨/ ការចុះឈ្មោះនេះ នឹងជួយសម្រួលដល់បងប្អូនឱ្យទទួល​បានការថែទាំសុខភាពដោយឥតគិតថ្លៃ តាមរយៈមូលនិធិសមធម៌សុខាភិបាល នៅតាមបណ្តាមន្ទីរពេទ្យរដ្ឋនៅទូទាំងប្រទេស។

មុននឹងបញ្ចប់, សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ដល់ក្រសួង-ស្ថាប័ន និងរដ្ឋបាល​ថ្នាក់ក្រោមជាតិគ្រប់លំដាប់ថ្នាក់ ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់លើការអនុវត្តវិធានការដែល​មានចែងក្នុងយុទ្ធសាស្ត្រជាតិ ហើយដែលស្ថិតនៅក្រោមដែនសមត្ថកិច្ចរបស់ខ្លួន និងគិតគូររៀបចំសកម្មភាពគាំទ្របន្ថែមទៀត សំដៅធ្វើយ៉ាងណាឱ្យអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធអាចទទួល​បានការយកចិត្តទុកដាក់, ភាពកក់ក្តៅ និងការជួយគាំទ្រ ជាពិសេសនៅតាមមូលដ្ឋានដែលបងប្អូនកំពុងប្រកប​អាជីវកម្ម និងមុខរបរ។

អត្ថបទដែលទាក់ទង