ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា ការវិនិយោគសាងសង់គម្រោងទីក្រុងដ៏ធំនេះ ( ទីក្រុងមេគង្គ ឃី (Mekong Quay City) គឺជាការវិនិយោគដ៏ត្រឹមត្រូវមួយ ដែលបានបង្ហាញថា វិស័យអចលនទ្រព្យនៅកម្ពុជា បាន និង កំពុងងើបឡើងវិញជាបណ្តើរៗ ។
គម្រោងនេះ នឹងរួមចំណែកបំពេញក្តីប្រាថ្នារបស់ប្រជាជនផង និង ជំរុញកំណើនសេដ្ឋកិច្ចជាតិជារួមផង តាមរយៈ ការជួយបង្កើនភាពសកម្មនៃវិស័យអចលនទ្រព្យ, វិនិយោគ, ពាណិជ្ជកម្ម, បដិសណ្ឋារកិច្ច, ក៏ដូចជាការជួយផ្សព្វផ្សាយវប្បធម៌ និង ទេសចរណ៍របស់កម្ពុជា ។
ការបញ្ជាក់របស់សម្តេចធិបតី ក្នុងពិធីបើកការដ្ឋានសាងសង់ទីក្រុងមេគង្គឃីរបស់ក្រុមហ៊ុនធីភី ម៉ូរ៉ាល់គ្រុប ក្រុងអរិយក្សត្រ ខេត្តកណ្តាល នាថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤នេះ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថា ទីក្រុងមេគង្គ ឃី (Mekong Quay City) មានផ្ទៃដីទំហំប្រមាណ ២១០ហិកតា ស្ថិតនៅតាមដងទន្លេមេគង្គទល់មុខទន្លេចតុមុខ ដែលនឹងរៀបចំសាងសង់ដោយបែងចែកជាផ្នែកសំខាន់ៗ ដូចជា ផ្នែកអគារពាណិជ្ជកម្មលក្ខណៈទំនើប, ផ្សារទំនើប, មជ្ឈមណ្ឌលអប់រំ, សណ្ឋាគារស្តង់ដាអន្តរជាតិ, មជ្ឈមណ្ឌលទេសចរណ៍ និងវប្បធម៌ ។ល។
សម្តេចធិបតីនាយករដ្ឋមន្រ្តី បានអះអាងថា តំបន់អរិយក្សត្រនឹងមានភាពរីកចម្រើនដូចខាងលេចទន្លេ ដោយនឹងមានហេដ្ឋារចនាសម្ព័ន្ធកាន់តែស្អាតងាយស្រួលធ្វើដំណើរ និងអគារខ្ពស់ៗជាច្រើនទៀត រួមទាំងមានស្ពានងាយស្រួលឆ្លងកាត់ផងដែរ។
មួយវិញទៀត សម្តេចបានជឿជាក់ថា ក្រោយស្ពានមិត្តភាពកម្ពុជា-កូរ៉េ ពីភ្នំពេញទៅអរិក្សត្រសាងសង់រួចជា ស្ថាពរ នឹងធ្វើឲ្យប្រជាពលរដ្ឋនៅតំបន់អរិយក្សត្រ និងប្រជាពលរដ្ឋខ្មែរនៅតំបន់ផ្សេងៗ រួមទាំងភ្ញៀវទេសចរជាតិ និងអន្តរជាតិនឹងមានភាពងាយ ស្រួលក្នុងការធ្វើដំណើរឆ្លងកាត់បានយ៉ាងលឿនផងដែរ។