អ្នកចាំទីជើងចាស់ Gianluigi Buffon បានសារភាពថាខ្លួនធ្លាប់ច្រានចោលនូវសំណើរផ្លាស់ទៅលេងនៅ Barcelona ជាមួយ Lionel Messi បន្ទាប់ពីឃើញផ្លាកសញ្ញាមួយស្របពេលកំពុងបើកឡាន។
បន្ទាប់ពីបានប្រកាសពីការសម្រេចចិត្តចាកចេញពី Juventus ក្នុងឆ្នាំ 2021 Buffon ត្រូវបានក្លឹបជាច្រើននៅទូទាំងទ្វីបអឺរ៉ុប ព្យាយាមយ៉ាងស្វិតស្វាញដើម្បីតាមយកហត្ថលេខារបស់គាត់ ដោយក្នុងនោះក៏មានឈ្មោះរបស់ Barcelona ផងដែរ ស្របពេលដែលពួកគេតាមរកអ្នកចាំទីដៃទីពីរដែលមានបទពិសោធន៍ក្រាស់ក្រែលជាមួយពិភពបាល់ទាត់។
យ៉ាងណាក្តី Buffon បានច្រានចោលសំណើរទាំងនោះ ដោយសារតែខ្លួនបានលឺបទអ៊ីតាលី Bella នៅក្នុងឡានខណះដែលរូបគេកំពុងបើក។ អ្វីដែលកាន់តែចម្លែកនោះគឺ គាត់បានឃើញផ្លាកមួយសរសេរថា Parma ហើយនេះគឺជាមូលហេតុចំបងមួយធ្វើអោយគាត់សម្រេចទៅលេងអោយ Parma 20 ឆ្នាំក្រោយចាកចេញពីក្លឹបមួយនេះកាលនៅជាយុវជន មុនពេលសម្រេចចិត្តចូលនិវត្តន៍នៅឆ្នាំ 2023 ក្នុងវ័យ 45 ឆ្នាំ៕