Banner advertisement

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អំពាវនាវដល់ពលករខ្មែរដែលកំពុងស្នាក់នៅ និង ធ្វើការនៅប្រទេសថៃ សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះសុវត្ថិភាពរបស់ខ្លួន

29-Mar-2025 10:31 AM

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាមជូនដំណឹងដល់សាធារណជន ជាពិសេស បងប្អូន ពលករខ្មែរដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃទាំងអស់ ជ្រាបថា យោងតាមសេចក្តីប្រកាសរបស់ នាយកដ្ឋានឧតុនិយមថៃ នៅវេលាម៉ោង ១:៣០នាទីរសៀល ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ នេះ មានគ្រោះរញ្ជួយដី បានកើតឡើងនៅក្នុងទីក្រុងបាងកក និងខេត្តជុំវិញ នៃប្រទេសថៃ ដែលបណ្តាលឱ្យមានការបាក់រលំអគារ និង ការដ្ឋានសាងសង់មួយចំនួន។ តាមព័ត៌មានបឋម គិតត្រឹមម៉ោង ៥:០០នាទីល្ងាចនេះ មានអ្នករងរបួសចំនួន ៥០នាក់ អ្នកស្លាប់ចំនួន ៣នាក់ (មិនទាន់មានការបញ្ជាក់សញ្ជាតិ) ដោយឡែកមិនទាន់ទទួលបានព័ត៌មានអំពីការរងគ្រោះ របស់បងប្អូនពលករខ្មែរដោយសារករណីរញ្ជួយដីនេះទេ។


ក្រសួងបាននិងកំពុងយកចិត្តទុកដាក់តាមដានស្ថានការណ៍វិវត្តន៍ នៃគ្រោះរញ្ជួយដីនេះ ដោយសហការ ជាមួយអាជ្ញាធរថៃ ស្ថានឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជាប្រចាំព្រះរាជាណាចក្រថៃឡង់ដ៍ អនុព័ន្ធការងារអម ស្ថានឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជាប្រចាំព្រះរាជាណាចក្រថៃឡង់ដ៍ ទីភ្នាក់ងារជ្រើសរើសឯកជន និង សហគមន៍ខ្មែរនៅប្រទេសថៃទាំងអស់ ដើម្បីត្រៀមលក្ខណៈផ្តល់ការគាំពារឱ្យបានទាន់ពេលវេលាដល់បងប្អូន ពលករខ្មែរ ក្នុងករណីរងផលប៉ះពាល់។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អំពាវនាវដល់បងប្អូនពលករខ្មែរដែលកំពុងស្នាក់នៅ និង ធ្វើការនៅប្រទេសថៃ សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះសុវត្ថិភាពរបស់ខ្លួន និងបន្តយកចិត្តទុកដាក់តាមដាន ស្ថានការណ៍ ព្រមទាំងអនុវត្តតាមការណែនាំរបស់អាជ្ញាធរថៃ និងនិយោជក។

ក្នុងករណីទទួលរងផលប៉ះពាល់ ឬទទួលបានព័ត៌មានអំពីបងប្អូនពលករខ្មែរដែលរងផលប៉ះពាល់ សូម ទំនាក់ទំនងស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំព្រះរាជាណាចក្រថៃឡង់ដ៍ ស្ថានឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជាប្រចាំព្រះរាជាណាចក្រថៃឡង់ដ៍ ឬអនុព័ន្ធការងារអម ដើម្បីសុំជំនួយតាមរយៈទូរសព្ទលេខ៖

- លេខ +៦៦ ៩២ ៨០៥០ ៥៦១, +៦៦ ៩៤ ០៩២ ៥៩០៥, +៦៦ ៩៤ ៤១៦ ៥៥១៨

- លេខ +៦៦ ៨៣ ៥៤៥ ៧៧៨៨ (លោក ឈឹម វិបុល), +៦៦ ៦២ ០៨៩ ៨៩១៨ (លោក ជុំ សម្ផស្ស)

និង+៦៦ ៩២ ២៩៩ ០១៣៣ (លោកស្រី ឡាយ ចន្ថា)

អត្ថបទដែលទាក់ទង