Banner advertisement

ព្រះមហាក្សត្រប្រោសព្រះរាជប្រទានគ្រឿងឥស្សរិយយស ចំនួន៣ ជូនឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន ជាកិច្ចបច្ឆាមរណៈ

29-Mar-2025 10:25 AM

ភ្នំពេញ៖ ព្រះករុណាព្រះបាទសម្តេចបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ នេះ បានចេញព្រះរាជក្រឹត្យប្រោសព្រះរាជប្រទានគ្រឿងឥស្សរិយយស ចំនួន៣ ជូនឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន ជាកិច្ចបច្ឆាមរណៈ។ 
 គ្រឿងឥស្សរិយយសទាំង៣ មានដូចជា ៖
ទី១៖ មុនីសារាភណ័្ឌថ្នាក់ មហាសេរីវឌ្ឍន៏
ទី២៖ សុវត្ថារា ថ្នាក់ មហាសេរីវឌ្ឍន៏
ទី៣៖ សម្ដេចព្រះមហាក្សត្រីយានី ព្រះស៊ីសុវតិ្ថមុនីវង្ស កុសុម:នារីរត្ន័ថ្នាក់ មហាសេរីវឌ្ឍន៏។


អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន ដែលជាបងប្រុសសម្តេចតេជោ ហ៊ុន សែន បានទទួលមរណភាពដោយរោគាពាធនៅម៉ោង ២:២៧នាទី យប់ថ្ងៃ២៨ ខែមីនា ឆ្នាំ២០២៥។


ជាមួយគ្នានេះ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក៏បានប្រោសប្រទានព្រះរាជសាររំលែកទុក្ខជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចំពោះមរណភាពរបស់ ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បងប្រុសច្បងរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានទទួលអនិច្ចកម្ម នាម៉ោង២និង២៧នាទីព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ក្នុងជន្មាយុ៧៨ឆ្នាំ ដោយរោគាពាធ។


ចំណែកសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា នរោត្តម មុនិនាថ សីហនុ ក៏បានប្រោសប្រទានព្រះរាជសាររំលែកទុក្ខជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចំពោះមរណភាពរបស់ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បងប្រុសច្បងរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានទទួលអនិច្ចកម្ម នាម៉ោង២និង២៧នាទីព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ក្នុងជន្មាយុ៧៨ឆ្នាំ ដោយរោគាពាធ។


សម្តេចតេជោ ហ៊ុន សែន បានសរសេរលើបណ្តាញសង្គមថា (សង្ខារមិនទៀងតែការស្លាប់គឺទៀង) បងប្រុសខ្ញុំបានលាចាកលោកនេះទៅហើយ បើទោះមិនចង់ទទួលក៏ត្រូវតែទទួលយកការពិតនេះដែរ។ បើទោះបីខ្ញុំជាប្អូនតែខ្ញុំជាមេគ្រួសារមួយនេះ។ ខ្ញុំ និងភរិយារួមជាមួយកូនៗនិងបងប្អូនបានខិតខំអស់លទ្ធភាពដើម្បីព្យាបាលបងទីមួយ។


សម្តេចតេជោបានបន្តថា ពេលបងទី២ ទទួលមរណភាពពេលនោះ យើងមិនហ៊ានផ្តល់ដំណឹងជូនបងទី១ទេ ព្រោះគាត់កំពុងទទួលការព្យាបាលដោយការវះកាត់នៅមន្ទីរពេទ្យនាទីក្រុងបាងកក។ យើងព្យាយាមលាក់បាំងជាមួយគាត់រហូត គាត់ដឹងដោយខ្លួនឯងដែលគាត់យំផងនិយាយផងថា(ប្អូនអញស្លាប់ទាំងមូលមិនឲ្យអញដឹង)។
១២ឆ្នាំមុន (២០១៣) ភរិយារបស់គាត់បានទទួលមរណភាពក្នុងពេលដែលឪពុកបង្កើតរបស់ខ្ញុំក៏មិនបានដឹង រហូតដល់គាត់ទទួលមរណភាពព្រោះពេលនោះឪពុករបស់ខ្ញុំក៏កំពុងឈឺធ្ងន់ផងដែរ។ លើកនេះពេលបងទី១ ទទួលមរណភាពភរិយារបស់ខ្ញុំដែលជាប្អូនថ្លៃបានដឹង តែមិនអាចមកទាន់ដង្ហើមចុងក្រោយបងទី១បានដែរ។
សម្តេចតេជោបានបញ្ជាក់ថា បងប្រុសម្នាក់នេះបានលះបង់ច្រើនណាស់សម្រាប់ប្អូនៗ គឺសុខចិត្ត
បោះបង់ចោលការសិក្សានៅអនុវិទ្យាល័យនាសម័យនោះមកជួយពុកម៉ែធ្វើស្រែចំការដើម្បីផ្តល់ឱកាស
ឲ្យប្អូនៗ ពិសេសរូបខ្ញុំទទួលបានការសិក្សានៅភ្នំពេញ។ បំណងធំរបស់បងទី១ គឺធ្វើថីផែនទី ដែលពេលនេះហៅថា(មន្ត្រីសុរិយោដី)។
កើត ចាស់ ឈឺ ស្លាប់ គឺជាក្រឹត្យក្រមធម្មជាតិដែលមិនអាចចៀសវាងបាន។

អត្ថបទដែលទាក់ទង