ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចរបស់ផ្លូវរដ្ឋរបស់ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិនមកកាន់ព្រះរាជាណាចក្រកម្ពុជា រយៈពេល ២ថ្ងៃ កាលពីថ្ងៃទី១៧-១៨ ខែមេសា ឆ្នាំ២០២៥ គឺបានផ្តល់ផលប្រយោជន៍យ៉ាងច្រើនទៅលើទំនាក់ទំនងរវាងប្រទេសទាំងពីរ ហើយជាពិសេសទំនាក់ទំនងខាងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដែលជាការគាំទ្រយ៉ាងសំខាន់។
ហើយជាពិសេសអ្វីដែលត្រូវមើលឃើញ គឺនៅត្រង់ថាល្បឿននៃការជីកព្រែកជីកហ្វូណនតេជោនឹងបន្ត។ សម្តេចតេជោបានមានប្រសាសន៍បែបនេះ ក្នុងពិធីបើកសម័យប្រជុំលើកទី៣ ព្រឹទ្ធសភា នីតិកាលទី៥ នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥។
សម្តេចតេជោបានបញ្ជាក់ថា ៖ “សូមបញ្ជាក់ថា ព្រែកជីកនេះ បើទោះបីជាមាន ឬគ្មានមិត្តចិន ក៏យើងត្រូវធ្វើឲ្យបានដែរ។ ប៉ុន្តែជាភ័ព្វសំណាងរបស់យើងដែលមិត្តចិនបានប្រកាសនៅក្នុងការផ្តល់ជំនួយ ក៏ដូចជាឲ្យក្រុមហ៊ុនមកចូលរួមសម្រាប់ដំណើរការព្រែកជីកនេះ។ ហើយយើងនឹងសម្រេចនៅព្រែកជីកនេះឲ្យបានតាមល្បឿនដែលយើងបានកំណត់”។
សូមជម្រាបថា ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន បានមានប្រសាសន៍បញ្ជាក់ថា ភាគីចិនគឺគាំទ្រ ជាពិសេសគាំទ្រចំពោះព្រែកជីកហ្វូណនតេជោ ដែលកម្ពុជាកំពុងតែដំណើរការសាងសង់ ហើយភាគីចិនគាំទ្រចំពោះគំនិតផ្ដួចផ្ដើមក្នុងការសាងសង់ព្រែកជីកនេះ។
ការបញ្ជាក់របស់ឯកឧត្តម ស៊ី ជីនពីង នៅក្នុងជំនួបពិភាក្សាការងារជាមួយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព កាលពីរសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥។
ជាការឆ្លើយតប ទាក់ទងទៅនឹងការឆ្លើយតបរបស់ឯកឧត្តម ស៊ី ជីនពីង ចំពោះការគាំទ្រព្រែកជីកហ្វូណនតេជោ សម្ដេចតេជោបានមានប្រសាសន៍លើកឡើងដោយសម្តែងនូវការត្រេកអរយ៉ាងខ្លាំងចំពោះឯកឧត្តមប្រធានាធិបតី ដែលបានបង្ហាញនូវការគាំទ្រចំពោះការកសាងព្រែកជីកហ្វូណនតេជោ ហើយសម្ដេចបានបញ្ជាក់អំពីសារៈសំខាន់ នៃព្រែកជីកនេះ ដែលបម្រើដល់វិស័យដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជា ហើយជាផលចំណេញសម្រាប់ប្រទេសកម្ពុជាក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ខ្លួន ឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។